ដោយៈ លក្ខិណា
ភ្នំពេញៈ ទោះបីជាស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩យ៉ាងណាក្ដី កម្ពុជា ពិសេសខេត្តកំពង់ស្ពឺ នៅតែទទួលបានគម្រោងវិនិយោគជាបន្តបន្ទាប់ ពីវិស័យរោងចក្រ ឧស្សាហកម្ម។
ជាក់ស្ដែង យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន SOKI BAG & ACCESSORIES (CAMBODIA) CO., LTD បានសម្រេចបោះទុនវិនិយោគ៥លានដុល្លារនៅក្នុងខេត្តកំពង់ស្ពឺ បង្កើតរោងចក្រ ។
សេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានឱ្យដឹងថា រោងចក្ររបស់ក្រុម SOKI BAG & ACCESSORIES (CAMBODIA) CO., LTD ជារោងចក្រផលិតកាបូប និងថង់យួរស្ថិតនៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុក សំរោងទងខេត្តកំពង់ស្ពឺ ហើយគម្រោងនេះនឹងបង្កើតការងារបានចំនួន១.៣៨៣កន្លែងដល់ពលរដ្ឋក្នុងស្រុកផងដែរ ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើននៅតែមានសុទិដ្ឋនិយមខ្ពស់ចំពោះវិស័យឧស្សាហកម្មនៅកម្ពុជា បើទោះបីជាមានការរាំងស្ទះដោយសារតែកូវីដ១៩ក្តី តែវិស័យនេះ នៅតែទទួលបានការវិនិយោគជាបន្តបន្ទាប់ពីវិនិយោគិនក្នុងនិងក្រៅប្រទេស។
លោកសន សៀបនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងថា ខេត្តកំពង់ស្ពឺជាខេត្តដែលមានសក្ដានុពលមួយក្នុងការទាក់ទាញគម្រោងវិនិយោគលើវិស័យឧស្សាហកម្ម ក្នុងនោះមានតំបន់តាមបណ្ដោយផ្លូវ៥១ ផ្លូវ៤១ និងផ្លូវ ៤២ ក្នុងខេត្តកំពង់ស្ពឺ ព្រោះទីតាំងនេះ មានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនងាយស្រួល ជាពិសេសទៅកាន់កំពង់ផែ និងនិងច្រកព្រំដែនកម្ពុជានិងប្រទេសថៃ ជាដើម។
ធនាគារពិភពលោកប្រចាំកម្ពុជាបានព្យាករណ៍ទុកថា លំហូរវិនិយោគពីបរទេសក្នុងឆ្នាំ២០២១នេះនៅតែមានសញ្ញាល្អប្រសើរ ហើយនឹងជួយជំរុញ ដល់ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ ដូចជាការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម៕