កូរ៉េប្រកាសផ្តល់ជំនួយជាង១៣លានដុល្លារដល់កម្ពុជាដើម្បីលើកកម្ពស់វិស័យកសិកម្ម

ដោយៈ សាវុធ

ភ្នំពេញៈ សាធារណៈរដ្ឋកូរ៉េ ប្រកាសផ្តល់ជំនួយទឹកប្រាក់សរុបប្រមាណ១៣,៤លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើគម្រោង៣ផ្នែកធំៗ ដែលនឹងអនុវត្តរហូតដល់ឆ្នាំ២០២៧។

បើតាមលោកវេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីម្សិលមិញនេះ បានបង្ហាញពីវឌ្ឍនភាពលើការងារផ្សព្វផ្សាយកសិកម្ម ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម និងសាធារណៈរដ្ឋកូរ៉េឱ្យដូចទៅ៖

ទី១ កិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃប្រទេសកម្ពុជា និងក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទ នៃសាធារណរដ្ឋកូរ៉េ លើការងារផ្សព្វផ្សាយបានចុះកិច្ចព្រមព្រៀងលើកំណត់ត្រា ពិភាក្សា (Record of Discussion) កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ លើការអនុវត្តគម្រោងស្តីពី “ការគាំទ្រ ការកសាងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅកម្ពុជា” (Support on Construction of Agriculture Technology Training Center in Cambodia)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងនេះទទួលបានជំនួយទឹកប្រាក់សរុបចំនួន ៣ ៥០០ ០០០USD (បីលានប្រាំសែនដុល្លាអាមេរិក) មានរយៈពេល៦០ខែ ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ គម្រោងនេះអនុវត្ត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្មតាស្អាង ខេត្តស្វាយរៀង។

គោលបំណង របស់គម្រោងគឺបណ្តុះបណ្តាលអ្នកឯកទេសកសិកម្ម តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសម្ភារបរិក្ខារប្រើប្រាស់ជំនួយក្នុងការបណ្តុះបណ្តាល ផ្សព្វផ្សាយ និងផ្តល់ឱកាសការងារដល់អ្នកឯកទេសកសិកម្ម បង្កើនសមត្ថភាពកសិករក្នុងតំបន់តាមរយៈការផ្ទេរបច្ចេកវិទ្យាថ្មីៗ បង្កើនប្រាក់ចំណូលកសិករតាមរយៈការលើកកម្ពស់ផលិតភាព និងគុណភាពផលិតផលកសិកម្ម។

ទី២ បន្ថែមលើគម្រោង “ការគាំទ្រការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសកសិកម្មនៅកម្ពុជា” ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ តាមរយៈសាជីវកម្មសហគមន៍ជនបទកូរ៉េ (Korea Rural Community Cooperation, KRC) បានចុះអនុស្សារណលើកំណត់ត្រានៃការពិភាក្សា(Record of Discussion)កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ក្នុងការអនុវត្តគម្រោងស្តីពី “ការគាំទ្រមជ្ឈមណ្ឌលកសិកម្ម នៅខេត្តក្រចេះ ប្រទេសកម្ពុជា” (Supporting Agricultural Center in Kratie, Cambodia) ដែលទទួលបានទឹកប្រាក់ចំនួន ២ ៩០០ ០០០ដុល្លា (ពីរលានប្រាំបួនសែនដុល្លាសហរដ្ឋអាមេរិក)។

គម្រោងនេះមានរយពេល៤៨ខែ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ អនុវត្តនៅស្រុកចិត្របុរី ខេត្តក្រចេះ។ គម្រោងនេះមានគោលបំណង គាំទ្រការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាល និងផ្សព្វផ្សាយកសិកម្ម បណ្តុះបណ្តាលបច្ចេកទេសកសិកម្ម និងផ្ទេរចំណេះដឹងដល់មន្រ្តី និងកសិករលើដំណាំដំឡូងមី ពោត និងផលិតកម្មដំណាំបន្លែ បង្កើនប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករតាមរយៈការផ្ទេរបច្ចេកវិទ្យាកសិកម្ម។ គម្រោងនឹងចាប់ផ្តើមអនុវត្តនៅឆមាសទី២ ក្នុងឆ្នាំ២០២១នេះ។

ទី៣ ក្រៅពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម ស្បៀងអាហារ និងកិច្ចការជនបទកូរ៉េ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ក៏បានស្វះស្វែងរកកិច្ចសហការ និងគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លើការងារផ្សព្វផ្សាយកសិកម្ម តាមរយៈការស្នើសុំគម្រោងស្តីពី “ការជំរុញការផ្សព្វផ្សាយបច្ចេកវិទ្យា កសិកម្មតាមប្រព័ន្ធឌីជីថល” (Promoting Digital Agricultural Technology) ក្នុងថវិកាចំនួនប្រមាណ ៧ (ប្រាំពីរ) លានដុល្លាអាមេរិក ដែលមានរយៈពេល០៥ឆ្នាំ (២០២៣-២០២៧)។

គម្រោងនេះរៀបចំឡើងក្នុងគោលបំណង ១. ជំរុញការប្រើប្រាស់បច្ចេកវិទ្យាផ្សព្វផ្សាយកសិកម្មតាមប្រព័ន្ធឌីជីថល រៀបចំហេដ្ឋារចនាសម័្ពន្ធ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យមានប្រសិទ្ធភាព, ២. ពង្រឹងដំណើរការប្រព័ន្ធឌីជីថល និងអត្រាអ្នកទទួលបានចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថលសម្រាប់ការផ្សព្វផ្សាយកសិកម្ម និង៣. ពង្រឹងសមត្ថភាពមន្រ្តីផ្សព្វផ្សាយ និងភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ លើបច្ចេកវិទ្យាឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here