ការងើបឡើងវិញនៃការនាំចេញរបស់កម្ពុជាក្នុងឆ្នាំ២០២១ជាចលករជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ លក្ខិណា

ភ្នំពេញៈ ការនាំចេញរបស់កម្ពុជានៅដើមឆ្នាំ២០២១នេះ បានងើបឡើងវិញ ដែលជាចលករជំរុញឱ្យសេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះកាលពីឆ្នាំមុននេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកប្រចាំកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ២០២១នេះ។

ក្នុងរបាយការណ៍របស់ធនាគារពិភពលោកបានឱ្យដឹងថា ការនាំចេញទំនិញ ក្រៅពីការនាំចេញមាស បានកើនឡើង១២,២ភាគរយនៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២១នេះ។ ហើយបើទោះបីជាថ្លៃដឹកជញ្ជូនមានការកើនឡើងជាងឆ្នាំមុនក្ដី ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ដែលថយចុះ យ៉ាងខ្លាំងនៅខែមករាឆ្នាំ២០២១ ដោយថយចុះ១៣,២ភាគរយ ធៀបនឹងឆ្នាំមុន បានងើបឡើងវិញចាប់ពីពេលនោះ ដោយការនាំចេញផលិតផលសម្លៀកបំពាក៉ ស្បែកជើងនិងសម្ភារៈធ្វើដំណើរ បានកើនឡើង១០,២ភាគរយ នៅខែមីនា២០២១ និងបានកើនឡើង២៧,៨ភាគរយ នៅខែមេសា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅរយៈពេល៤ខែ ដំបូងនៃឆ្នាំ២០២១ ការនាំចេញកង់ក៏បានកើនឡើងដល់ទៅ៣២,៣ភាគរយ ហើយក្នុងអំឡុងពេលដូចគ្នានេះ ការនាំចេញយានយន្ត សម្ភារអគ្គិសនី និងឧបករណ៍អេឡិចត្រូនិកបញ្ចូលគ្នាបានកើនឡើង១៦,៤ភាគរយ។ របាយការណ៍ដដែលបង្ហាញថា ការនាំចេញផលិតផលសម្លៀកបំពាក់ និងវាយនភ័ណ្ឌលែងជាផលិតផលភាគច្រើននៃទំនិញនាំចេញទៀតហើយ។

ចំណែកនៃការនាំចេញសម្លៀកបំពាក់នៃទំនិញនាំចេញសរុបមិនរាប់បញ្ចូលមាស បានថយចុះមកត្រឹម៤៥,៦ភាគរយ នៅ៤ខែខែដំបូងនៃឆ្នាំ២០២១ ថយពី៥២,២ភាគរយនៅឆ្នាំ២០២០ និង៥៧,៦ភាគរយនៅឆ្នាំ២០១៩ ។

យ៉ាងណាក៏ដោយរបាយការណ៍ក៏បានបង្ហាញទៀតថា វិស័យសំណង់និងអចលនទ្រព្យ នៅតែបន្តថយចុះ ក្នុងនោះ រយៈពេល៤ដូចគ្នានេះ ទឹកប្រាក់នៃគម្រោងសាងសង់ដែលត្រូវបានអនុម័តបានថយចុះពី៤១,៥ភាគរយ នៅខណៈដែលការនាំចូលស៊ីម៉ង់ត៏ថយចុះ១៩,២ភាគរយ ការនាំចូលដែកថែប និងបរិក្ខាត្រជាក់ដូចជាម៉ាស៊ីនត្រជាក់ កើនឡើង ដោយការនាំចូលដែកថែបកើនឡើង៥,៤ភាគរយ ចំណែកការនាំចូលបរិក្ខារត្រជាក់វិញកើនឡើង២៤,១ភាគរយ។

វិនិយោគិនក្នុងស្រុកជាច្រើននៅតែមានសុទិដ្ឋិនិយមខ្ពស់ ចំពោះស្ថានភាពសេដ្ឋកិច្ចកម្ពុជាដោយថា រដ្ឋាភិបាលនឹងអាចទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ និងបញ្ចប់ព្រឹត្តិការណ៍២០ កុម្ភៈ ២០២១នេះបានឆាប់ៗហើយធ្វើឱ្យស្ថានភាពវិលទៅរកធម្មតាវិញ ដែលអាចទាក់ទាញ ការវិនិយោគពីក្នុងនិងក្រៅប្រទេសឡើងវិញជាពិសេសការវិនិយោគក្នុងវិស័យដែលកំពុងមានអាទិភាពក្នុងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here