រដ្ឋមន្រ្តីចម ប្រសិទ្ធៈ ការប្រកបអាជីវកម្មត្រូវមានភាពបត់បែនក្នុងពេលវិបត្តិដើម្បីឈានទៅរកភាពប្រសើរឡើងវិញ

ដោយៈ សាវុធ

ភ្នំពេញៈ លោកបណ្ឌិតចម ប្រសិទ្ធទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងថា វិបត្តិកូវីដ១៩ពិតជាប៉ះពាល់ច្រើនដល់អាជីវកម្ម ប៉ុន្ដែការរស់នៅ និងការប្រកបអាជីវកម្មដែលមានភាពបត់បែន វានឹងជំនះបានជាបណ្តើរៗ នឹងឈានទៅរកភាពប្រសើរឡើងវិញ។

លោកទេសរដ្ឋមន្រ្តីបានលើកឡើងដូច្នេះកាលពីម្សិលមិញ ក្នុងប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)តាមប្រព័ន្ធអនឡាញ។ នេះយោងតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា “វិស័យសហគ្រាសធនតូចនិងមធ្យម ជាសរសៃឈាមនៃសេដ្ឋកិច្ច។ វិបត្តិ កូវីដ១៩ ពិតជាប៉ះពាល់ច្រើនដល់អាជីវកម្មរបស់យើង។ ប៉ុន្ដែការរស់នៅ និងការប្រកបអាជីវកម្មដែលមានភាពបត់បែន យើងនឹងជំនះបានជាបណ្តើរៗ នឹងឈានទៅរកភាពប្រសើរឡើងវិញ”។

លោកបានថ្លែងបន្តថា ក្នុងនោះអ្វីដែលក្រសួងកំពុងយកចិត្តទុកដាក់ខ្លាំងបំផុត ក៏ដូចជាស្របនឹងការលើកឡើងរបស់សមាគមផងដែរនោះ គឺការធ្វើអាជីវកម្ម ប្រកបដោយនវានុវត្តន៍ និងទទួលបានតម្លៃបន្ថែម ដោយពឹងផ្អែកលើបច្ចេកវិទ្យា ដែលកំពុងស្ថិតនៅលើវិថីសាកលភាវូបនីយកម្មបច្ចុប្បន្ននេះ។

លោកបានឱ្យដឹងថា ដូច្នេះការងារបណ្តុះបណ្តាលឲ្យយល់ស៊ីជម្រៅពីសេដ្ឋកិច្ចបែបDigital ក៏ដូចជាការពង្រឹងការគ្រប់គ្រងអាជីវកម្ម និងការអនុវត្តផលិតកម្មអនុលោមស្តង់ដារ ជាដើម ។ ល។ ពិតជាមានសារ:សំខាន់ណាស់ សម្រាប់ការអភិវឌ្ឍក្រុមហ៊ុនសហគ្រាសរបស់យើងឲ្យមានឧត្តមភាពប្រកួតប្រជែងខ្ពស់លើទីផ្សារ។

ទាក់ទងនិងសំណើររបស់សមាគមចង់ឲ្យបង្កើតមជ្ឈមណ្ឌលភ្ញាស់សហគ្រាសធនតូចនិងមធ្យម ឬមជ្ឈមណ្ឌលបច្ចេកវិទ្យាណាមួយនោះ លោកបញ្ជាក់ថា ក្រសួងកំពុងគិតគូរបំផុត តែយើងត្រូវរៀបចំEco-Systemឲ្យមានលក្ខណ:សមស្របជាមុនសិន។

ជាពិសេសចាប់ពីពេលនេះទៅ សមាគមសហគ្រិនវ័យក្មេងកម្ពុជា មិនត្រឹមមានដៃគូពិភាក្សាប្រចាំជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យមទេ តែត្រូវធ្វើការជិតស្និទ្ធបន្ថែមទៀត ជាមួយអគ្គនាយកដ្ឋាន និងវិទ្យាស្ថាន វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់ក្រសួង ដែលជាវិស័យស្នូលមួយសម្រាប់អភិវឌ្ឍអាជីវកម្មរបស់យើង ហើយក៏ជាទុនសម្រាប់យើងឈានទៅរៀបចំកិច្ចប្រជុំសហគ្រិនវ័យក្មេងអាស៊ាននៅពលខាងមុខផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here