និសិ្សតជំនាន់ទី១ចំនួន១៩១នាក់បានចូលសិក្សានៅវិទ្យាស្ថានតេជោសែន សាធារណការនិងដឹកជញ្ជូន

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនបានស្វាគមន៍និស្សិតជំនាន់ទី១ចំនួន១៩១នាក់ រួមមាន និសិ្សតអាហារូបករណ៍១០០ភាគរយ ចំនួន៣៩នាក់ និងនិស្សិតអាហារូបករណ៍៥០ភាគរយ ចំនួន៥៥នាក់ សិក្សាលើជំនាញចំនួន៦ក្នុងដេប៉ាតឺម៉ង់ចំនួន៣។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២២ ខែមករាឆ្នាំ២០២១ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានបើកបវេសនកាលសិក្សាកាលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីអភិវឌ្ឍធនធានមនុស្ស បណ្តុះបណ្តាលវិស្វករ កម្ពុជាឱ្យចេះធ្វើផ្លូវ សង់ស្ពានឆ្លងទន្លេ និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឱ្យមានគុណភាពរឹងមាំ សម្រាប់កូនខ្មែរជំនាន់ក្រោយ និងមានសមត្ថភាពដូចបុព្វបុរសសម័យមុន ដែលមានសមត្ថភាពអាចកសាងប្រាង្គប្រាសាទ ដ៏ស្រស់បំព្រង និងមានគុណភាពរឹងមាំជាប់បានយូររាប់រយឆ្នាំ និងល្បីល្បាញពាសពេញសកលលោកថែមទៀតផង។

លោកស្រី ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបន្ទុកវិទ្យាស្ថាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងវឌ្ឍនភាពការងារ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការអញ្ជើញចូលរួមពីលោក ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ព្រមថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះបានពិភាក្សាពីការងារគ្រប់គ្រង និងការយកចិត្តទុកដាក់លើការអប់រំពីសំណាក់គ្រូបង្រៀននៅវិទ្យាស្ថាន ការបង្កើតយុទ្ធសាស្រ្ដផ្អែក តាមតម្រូវការសិក្សារបស់សិស្សនិស្សិត ចំណេះដឹងនិងជំនាញពាក់ព័ន្ធ គរុកោសល្យ សីលធម៌ សាមគ្គីភាពភាពរបស់គ្រូបង្រៀនជាដើម។

លោកស្រីបន្តថា “វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នឹងផ្ដល់ ចំណេះដឹងខាងបច្ចេកទេស ដល់សិស្សនិស្សិតរបស់យើង ដើម្បីក្លាយខ្លួនជាអ្នកមានចំណេះដឹងពិតប្រាកដ ចេះទាំងទ្រឹស្ដី ទទួលបានទាំងបទពិសោធន៍ មានគុណធម៌ សីលធម៌ អាចរស់នៅក្នុងសង្គមបាន ជាទំពាំងស្នងឫស្សី អាចក្លាយខ្លួនជាអ្នកដឹកនាំបន្តវេន និងចូលរួមកសាងធនធានមនុស្សបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here