ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានអនុម័តឲ្យក្រុមហ៊ុនRoyal Group Co.,Ltd បូមភក់ល្បាយខ្សាច់ពីព្រែកស្រែអំបិល (ខេត្តកោះកុង) មកចាក់បំពេញផ្នែកខ្លះនៃគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបទុមសាគរ និងគម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី ដើរដោយធ្យូងថ្មអានុភាព៧០០មេហ្គាវ៉ាត់ ដែលជាការវិនិយោគរបស់ខ្លួន។
អគ្គនាយកនៃនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលលោក យស់ មុនីរ៉ាត់ បានមានប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាលបានអនុញ្ញាត្តឱ្យក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប បូមភក់ល្បាយខ្សាច់ ដើម្បីយកទៅចាក់បំពេញផ្នែកខ្លះនៃគម្រោងអភិវឌ្ឍន៍ទាំង ២ ដែលនេះមិនមែនជាការធ្វើអាជីវកម្មខ្សាច់នៅក្នុងខេត្តកោះកុងទេ។
លោកបន្តថា “ក្រុមហ៊ុនមិនមែនធ្វើអាជីវកម្មខ្សាច់សំណង់ ឬក៏ខ្សាច់សទេ គឺគាត់បានស្នើសុំបូមស្តារភក់ល្បាយខ្សាច់ ពីព្រែកស្រែអំបិលយកទៅចាក់បំពេញ នៅទីតាំងអភិវឌ្ឍន៍ ដែលទទួលបានគោលការណ៍ពីរដ្ឋាភិបាល ដែលមានរោងចក្រផលិតថាមពលអគ្គិសនីពីធ្យូងថ្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រោះទីតាំងខ្លះដីទាបត្រូវការចាក់បំពេញបន្ថែមដើម្បីអភិវឌ្ឍន៍”។
ក្រុមហ៊ុនបទុមសាគរ អេនើជី ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ អនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនី ដំណើរការដោយធ្យូងថ្មអានុភាព៧០០មេហ្គាវ៉ាត់នៅស្រុកបទុមសាគរ ខេត្តកោះកុង ក្នុងតម្លៃវិនិយោគ១ពាន់លានដុល្លារ។
យោងតាមអនុក្រឹត្យចេញថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានផ្តល់ដីទំហំ ១៦៨ ហិកតា ក្នុងឧទ្យានជាតិបទុមសាគរ ខេត្តកោះកុងទៅឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនេះ។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានទទួលគម្រោងវិនិយោគ ពីលើការសាងសង់តំបន់សេដ្ឋកិច្ចពិសេស (SEZ) លើផ្ទៃដី ១ ម៉ឺនហិកតា ក្នុងឧទ្យានជាតិបទុមសាគរ ស្ថិតក្នុងភូមិសាស្ត្រឃុំតានូន និងឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង៕