ទំហំពាណិជ្ជកម្មកម្ពុជា បារាំង សម្រេចបាន១៥៧លានដុល្លារក្នុងរយៈពេល៤ខែដំបូង

ដោយៈលក្ខិណា

ភ្នំពេញៈ ទោះពិភពលោកបានជួបវិបត្តិនឹងជំងឺកូវីដ១៩ រាលដាលកាន់តែធ្ងន់ក្ដីតែការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងសាធារណៈរដ្ឋបារាំង នៅតែសម្រេចបាននូវលទ្ធផលល្អប្រសើរ។

ជាក់ស្ដែងក្នុងរយៈពេល៤ខែដំបូងនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងឆែកសម្រេចបាន១៥៧លានដុល្លារអាមេរិក ខណៈឆ្នាំមុនមួយឆ្នាំពេញសម្រេចបាន៤៥៦លានដុល្លារអាមេរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ក្រោយជំនួបរវាងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងលោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី១៥មិថុនា ២០២១នេះ។

ក្នុងជំនួបនោះលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្ដី ក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណដល់រដ្ឋាភិបាលបារាំង ចំពោះការបន្តផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា តាមរយៈទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (AFD) សម្រាប់ស្តារវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដ-១៩ ។

លោកបន្តថា “ក្រសួងពាណិជ្ជកម្ម ត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួលដល់ធុរជន និងវិនិយោគិនបារាំងដែលមានបំណងមកវិនិយោគ និងពង្រីកប្រតិបត្តិការពាណិជ្ជកម្ម ជាពិសេសនៅក្នុងវិស័យសក្តានុពល រួមមាន ការកែច្នៃចំណីអាហារ ផលិតផលកសិកម្ម (ផ្លែឈើស្រស់) និងក្នុងវិស័យទេសចរណ៍ ដែលកត្តាទាំងនេះនឹងចូលរួមចំណែកទ្រទ្រង់ និងស្តារសេដ្ឋកិច្ចកម្ពុជា នៅក្រោយវិបត្តិកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានបង្ហាញពីសេចក្តីសោមនស្សរីករាយ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច កំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងការកសាងស្ថាប័ន នាពេលកន្លងមក។

លោកជំទាវ បានថ្លែងអំណរគុណជាពិសេសជូនចំពោះ រដ្ឋមន្រ្ដី សម្រាប់ការជួយគាំទ្រលើគំនិតផ្តួចផ្តើម និងបេសកកម្មនានារបស់ស្ថានទូតបារាំងនៅកម្ពុជា និងបានឆ្លៀតឱកាសអបអរសាទរចំពោះការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) និងការធ្វើជាប្រធានឆ្លាស់វេនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ នាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនេះនឹងបន្តរឹតចំណងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងបារាំង ក្នុងក្របខណ្ឌទ្វេភាគីនិងតំបន់ បន្ថែមមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here