ក្រុមមេដឹកនាំអង្គការNATO ប្រកាសថា មហាយក្សចិនជាមេរោគបង្កអសន្តិសុខ ក្នុងពិភពលោក

ដោយៈសុខុម

សេអ៊ូល: ក្រុមមេដឹកនាំអង្គការ NATO បានប្រកាសថា មហាយក្សចិន គឺតែងតែជាបញ្ហាប្រឈមផ្នែកសន្តិសុខ ហើយអះអាងថា ចិនកំពុងព្យាយាមបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃអង្គារ ទី១៥ មិថុនា នេះ។

សារនេះស្របគ្នាទៅនឹងការខិតខំប្រឹងប្រែង របស់ប្រធានាធិបតីងាមេរិក លោក ចូ បៃឌិន ដែលចង់ឱ្យបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត រួមគ្នាប្រឆាំងនឹងការអនុវត្តរបស់មហាយក្សចិន ផ្នែកពាណិជ្ជកម្ម យោធា និងសិទ្ធិមនុស្ស។
តាមរយៈសេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំកំពូលរបស់អង្គការ NATO មេដឹកនាំទាំងនោះបានលើកឡើងថា “គោលបំណង និងឥរិយាបថក្រអឺតក្រទម របស់ប្រទេសចិនបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះជាបញ្ហាប្រឈមជាប្រព័ន្ធ ចំពោះសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ និងវិស័យនានាដែលពាក់ព័ន្ធនឹងសន្តិសុខសម្ព័ន្ធមិត្ត”។

ប្រមុខរដ្ឋាភិបាលទាំង៣០រូប ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ បានជៀសវាងមិនហៅប្រទេសចិនថា ជាគូប្រជែងឱ្យចំៗឡើយ ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីអ្វីដែលពួកគេហៅថា “គោលនយោបាយគំរាមកំហែង” ដែលចង់សំដៅថា ប្រទេសចិន កំពុងធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ និងការប្រើប្រាស់ព័ត៌មានមិនពិតរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មេដឹកនាំទាំងនោះបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ប្រកាន់ខ្ជាប់តាមការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន និងធ្វើសកម្មភាពប្រកបដោយទំនួលខុសត្រូវ នៅក្នុងប្រព័ន្ធអន្តរជាតិ។

លោកចូ បៃឌិន ដែលបានអញ្ជើញទៅដល់កិច្ចប្រជុំកំពូលនេះ ក្រោយចំណាយពេល៣ថ្ងៃពិគ្រោះពិយោបល់ ជាមួយក្រុមមេដឹកនាំនៃប្រទេសឧស្សាហកម្ម រីកចម្រើនទាំង៧ (G7) ដែលជាសម្ព័ន្ធមិត្តនៅប្រទេសអង់គ្លេស បានជំរុញឱ្យ G7 ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថា មានការអនុវត្តចាប់បង្ខំឱ្យមនុស្សធ្វើការ និងការរំលោភសិទ្ធិមនុស្សផ្សេងៗទៀតលើជនជាតិភាគតិចវីហ្គួរ ដែលកាន់សាសនាអ៊ីស្លាម និងជនជាតិភាគតិចផ្សេងៗទៀតនៅខេត្តស៊ីនជាំង (Xinjiang) ភាគខាងលិខ។

មេដឹកនាំសហរដ្ឋអាមេរិក រូបនេះបានគូសបញ្ជាក់ថា លោកពេញចិត្តនឹងសេចក្តីថ្លែងការណ៍នេះ ទោះបីជាសម្ព័ន្ធមិត្តមិត្តមានការខ្វែងគំនិតគ្នាខ្លះ ជុំវិញវិធីថ្កោលទោសរដ្ឋាភិបាលក្រុងប៉េកាំងយ៉ាងណាក្ដី។

លោក ចូ បៃឌិន ក៏បានប្រើដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ របស់លោកទៅកាន់ទ្វីបអឺរ៉ុប ដើម្បីជំរុញឱ្យបណ្ដាសម្ព័ន្ធមិត្ត ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត នៅក្នុងការដាក់សម្ពាធលើប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជុំវិញការប្រព្រឹត្តរបស់រដ្ឋាភិបាលលោក ទៅលើអ្នកប្រឆាំងផ្នែកនយោបាយ និងចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការវាយប្រហារតាមអ៊ីនធឺណិត មានប្រភពចេញពីប្រទេសរុស្ស៊ី ដែលបានតម្រង់គោលដៅទៅរកក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលនានាទូទាំងពិភពលោកផងដែរ។

អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (North Atlantic Treaty Organization) ដែលហៅកាត់ថា NATO គឺជាបក្សសម្ព័ន្ធយោធានៃបណ្តាប្រទេសនៅអឺរ៉ុប និងបណ្ដាប្រទេសនៅទ្វីបអាមេរិកខាងជើង ដែលត្រូវបានបង្កើតឡើងជាកម្លាំងទប់ទល់ នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបញ្ចប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here