អាជ្ញាធរសម្រេចផ្អាកដំណើរការរោងចក្រជិត៦០នៅភ្នំពេញបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩

ដោយៈ សាវុធ

ភ្នំពេញៈ អាជ្ញាធរសម្រេចផ្អាកដំណើរការរោងចក្រសហគ្រាសជិត៦០ នៅក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ នៃរាជធានីភ្នំពេញជាបណ្តោះអាសន្ន រហូតមកដល់ពេលនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩។

អភិបាលរងខណ្ឌពោធិ៍សែនជ័យលោកប៉ាង លីដាបានថ្លែងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ថា នៅក្នុងខណ្ឌពោធិ៍សែនរោងចក្រសរុបមានចំនួន២៨៥ ប៉ុន្តែនៅក្នុងរោងចក្រដែលច្រើនជាងគេនៅស្កាត់ចោមចៅ១ និងចោមចៅ៣។

លោកបានថ្លែងបន្តថា មកដល់ពេលនេះ ចំនួនរោងចក្រ ដែលបិទធំៗមានប្រហែល៤៤ ប៉ុន្តែចំនួនពីម្សិលមិញនិងថ្ងៃនេះខ្ញុំអត់ទាន់បានបូកនៅឡើយទេ ដោយគ្រាន់តែចាំថា កម្មករនិងកម្មការនី ដែលរកឃើញវិជ្ជមានកូវីដ១៩ សរុបប្រមាណជាង ៦០០នាក់ ប៉ុន្តែមកដល់ពេលនេះបានព្យាបាលសះស្បើយជាង ៥០០នាក់ហើយ។

លោកបានសំណូមពរទៅដល់ប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី ៣កុំ ៣ការពារ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជាអាជ្ញាធរ ជាពិសេសពលរដ្ឋមួយចំនួនដែលមានស្រុកកំណើតនៅឯខេត្ត ដោយត្រូវធ្វើចត្តាឡីស័កឲ្យចប់សព្វគ្រប់សិន ព្រោះថាទាំងអាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យ នៅជាប់ជាប្រចាំដើម្បីមើលថែនិងការពារដល់ប្រជាពលរដ្ឋទាំងអស់ និងគ្រប់កាលៈទេសៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អភិបាលរងខណ្ឌមានជ័យលោកឌី រ័ត្នខេមរុណ បានបញ្ជាក់ថា សម្រាប់មូលដ្ឋានរបស់លោក រោងចក្របិទបណ្តោះអាសន្នដែលជាប់ពាក់ព័ន្ធករណីឆ្លងរាលដាលជំងឺកូវីដ១៩សរុបចំនួន ១៩រោងចក្រ ក្នុងនោះកម្មករនិយោជិតដែលរកឃើញវិជ្ជមានកូវីដ ចំនួនសរុប ៥៣៥ករណី។

លោកបានឱ្យដឹងទៀតថា អ្នកដែលវិជ្ជមានកូវីដគឺបានបញ្ជូនទៅព្យាបាលហើយ រីឯអ្នកប៉ះពាល់ផ្ទាល់បញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

ការបិទបណ្តោះអាសន្ននៃរោងចក្រសហគ្រាសក្នុងខណ្ឌទាំងពីរនេះ គឺបន្ទាប់ពីរោងចក្រសហគ្រាសបានបើកដំណើរការឡើងវិញ នៅក្រោយវិធានការបិទខ្ទប់ ដែលបានបែកចែកតំបន់ហាមឃាត់ការធ្វើការដំណើរឆ្លងកាត់ ត្រូវបានដកចេញ។ វិធានការបិទខ្ទប់នេះ គឺអនុវត្តចាប់តាំងពីមានការផ្ទុះករណីឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here