ក្រុមហ៊ុនបំពាក់បច្ចេកទេសពីជប៉ុនត្រៀមទុន១០លានដុល្លារដើម្បីបង្កើនការផ្គត់ផ្គង់ត្រីកែច្នៃក្នុងស្រុកនិងនាំចេញ

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Cambodia Fresh Farm គ្រោងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកចៅ សួស្តីអ្នកគ្រប់គ្រងកសិដ្ឋានចិញ្ចឹមត្រី ទីឡាព្យា Cambodia Fresh Farm ដែលបំពាក់ជាមួយបច្ចេកទេសពីជប៉ុន បានថ្លែងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ការកែច្នៃត្រីទីឡាព្យារបស់ Cambodia Fresh Farm នេះគឺស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែសិប្បកម្មនេះនឹងពង្រីកផលិតកម្មកែច្នៃជាបន្ត បន្ទាប់ ធ្វើយ៉ាងណាឆ្លើយតបឲ្យបានតាមតម្រូវការទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ន សិប្បកម្មកែច្នៃនេះ ទទួលបានបច្ចេកទេសកែច្នៃផលត្រីទីឡាព្យាផ្ទាល់ពីអ្នកជំនាញជនជាតិជប៉ុន និងសម្ភារកែច្នៃផលត្រីពីក្រុមហ៊ុន SARAYA នៃប្រទេសជប៉ុន។

លោកបន្ថែមថា អនុវត្តតាមបច្ចេកទេសជប៉ុន ត្រី១ក្បាលអាចកែច្នៃបាន ១៤ប្រភេទមុខទំនិញ រួមទាំងស្រការត្រីក៏យកទៅកែច្នៃជាគ្រឿងសម្អាង ប្រមាត់ត្រី ស្បែកត្រី និងឆ្អឹង សូម្បីទឹកលាងសម្អាតត្រីក៏យកទៅធ្វើជីផងដែរ។ ដោយអនុវត្តតាមស្តង់ដារបច្ចេកទេសចិញ្ចឹមបានត្រឹមត្រូវល្អធ្វើឲ្យទីផ្សារជប៉ុនស្វាគមន៍ផលិតផលកែច្នៃត្រីចេញពីកសិដ្ឋាននេះ ជាក់ស្តែងការបញ្ជាទិញមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ គ្រាន់តែ៥ខែ ដើមឆ្នាំ២០២១ នេះ កសិដ្ឋានលក់សាច់ត្រីកែច្នៃស្រស់បាន៧តោន។

លោកបានថ្លែងបន្តថា ដោយតម្រូវការមានការកើនឡើងទាំងទីផ្សារក្នុងស្រុក (ផ្សារទំនើប AEON-1, AEON-2 ផ្សារ Markro ផ្សារទំនើបនានាក្នុងស្រុក និងភោជនីដ្ឋានជាច្រើនទៀត) កសិដ្ឋាននឹងពង្រីកដើមទុនវិនិយោគក្នុងចំនួនទឹកប្រាក់១០លានដុល្លារ ដើម្បីពង្រីកសិប្បកម្មកែច្នៃ ដែលមានសមត្ថភាពអាចបង្កើនបរិមាណត្រីកែច្នៃសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ។

ទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មកែច្នៃ លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសុទិដ្ឋិថានឹងអាចទទួល បានជោគជ័យ ដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត និងអង្គការ JICA និងជាពិសេសទីផ្សារប្រទេសជប៉ុន។

គម្រោងចុះទុនវិនិយោគបន្ថែម ១០លានដុល្លារសម្រាប់ពង្រីកខ្សែច្រវាក់ផលិតកម្មកែច្នៃ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថានាពេលអនាគតដ៏ខ្លី វិស័យវារីវប្បកម្ម (ការចិញ្ចឹមត្រីនិយាយជារួម និងជាពិសេសការចិញ្ចឹមត្រីទីឡាព្យានិយាយ ដោយឡែក) នឹងមានការរីកចម្រើនតាមរយ:ការចងក្រងបណ្តុំផលិត ការអនុវត្តបច្ចេកទេសចិញ្ចឹមស្របតាមស្តង់ដារទីផ្សារតម្រូវ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា។

លោកបានបន្ថែមថាម្ហូបជប៉ុន (សាច់ត្រីស្រស់) បានផលិតនៅកម្ពុជា នេះជាជំហានចាប់ផ្តើមថ្មីមួយប្រកបទៅដោយការជឿជាក់ និងកិច្ចសហការ គាំទ្រពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសស្ថានទូតជប៉ុន និងអង្គការ JICA សង្ឃឹមថានាពេលអនាគតខ្សែច្រវាក់ផលិតកម្មចិញ្ចឹម និងផលិតកម្មកែច្នៃ នឹងមានការរីកចម្រើនទ្វេឡើងឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក ហើយឈានទៅធ្វើការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here