ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ប្រទេសឥណ្ឌាបានត្រៀមបញ្ចេញកញ្ចប់ មូលនិធិ១០០លានដុល្លារ ដើម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងបណ្តុះបណ្តាលធនធានមនុស្សជាមួយកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីDevyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោកស្រី ដែលទទួលការតែងតាំងមុខដំណែងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា អំពីសារសំខាន់នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនរបស់ក្រសួង ដែលអាចផ្តល់ការបណ្តុះបណ្តាលចំណេះជំនាញ ផ្នែកបច្ចេកទេសដល់វិស្វករកម្ពុជា ដើម្បីបំពេញតាមតម្រូវការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា ក៏ដូចជាអាចបណ្តុះបណ្តាលនិស្សិត ដែលបានបញ្ចប់ការសិក្សា ដើម្បីក្លាយខ្លួនជាវិស្វករកម្ពុជា នាថ្ងៃអនាគតយ៉ាងពិតប្រាកដ។
លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាបានមានប្រសាសន៍ថា កម្ពុជា-ឥណ្ឌាមានទំនាក់ទំនងដ៏ល្អ តាំងពីយូរលង់ណាស់មកហើយ ។ទន្ទឹមនឹងនេះ លោកស្រីបានជំរុញលើកទឹកចិត្តឱ្យកម្ពុជា លើកឡើងនូវគម្រោងអាទិភាពសំខាន់ៗចំនួនបីក្នុងនោះរួមមា វិស័យសង្គម វិស័យ ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនិងអភិ វឌ្ឍធនធានមនុស្ស ក្រោមក្របខ័ណ្ឌមូលនិធិអាស៊ាន-ឥណ្ឌា ដោយប្រើប្រាស់ កញ្ចប់ថវិកាប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនិង ទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕