ក្រុមហ៊ុនចិនដ៏ធំមួយគ្រោងវិនិយោគលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន

ដោយៈ សាវុធ

ភ្នំពេញៈ ក្រុមហ៊ុនដឹកជញ្ជូន ឆាងហឺ របស់ចិន គ្រោងពង្រីកការវិនិយោគលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន នាពេលខាងមុខ ខណៈកម្ពុជាកំពុងត្រៀមស្វាគមន៍ទេសចរចិននៅត្រីមាសទី៤ ឆ្នាំ២០២១នេះ សម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំង តាមរយៈកញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ១៩។

លោកបណ្ឌិតសុខ សុក្រឹត្យាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ កាលពីម្សិលមិញ បានទទួលជួបពិភាក្សាការងារជាមួយលោក ឈិន វិនស៊ឹង (Chen Wensheng) អនុប្រធានសមាគមពាណិជ្ជកម្មហ្វូជាន នៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានក្រុមហ៊ុនដឹកជញ្ជូន ឆាងហឺ ប្រចាំនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឈិន វិនស៊ឹងបានលើកឡើងថា “ក្រុមហ៊ុនលោកមានគម្រោងពង្រីកការវិនិយោគ ទៅលើសេវាកម្មដឹកជញ្ជូនទេសចរណ៍រវាងកម្ពុជា-ចិន នាពេលខាងមុខ និងបានលើកសំណើក្នុងការផ្តល់កិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍លើគម្រោងនេះផងដែរ”។

ជាមួយគ្នានេះដែរ លោកបណ្ឌិតសុខ សុក្រឹត្យាបានស្នើភាគីចិនបន្តជួយជំរុញវិនិយោគិនចិន ឱ្យមកវិនិយោគលើសេវាកម្មផ្សេងៗទៀត ក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតជាពិសេស ខេត្តសៀមរាប និងខេត្តព្រះសីហនុ ព្រោះជាគោលដៅដែលមានសក្តានុពលទេសចរណ៍ខ្ពស់។

លោកបណ្ឌិតបានបន្ថែមថា កម្ពុជាគ្រោងនឹងបើកទទួលស្វាគមន៍ទេសចរចិននៅត្រីមាសទី៤ ឆ្នាំ២០២១នេះ សម្រាប់ទេសចរដែលបានចាក់វ៉ាក់សាំង បានពេញលេញ តាមរយៈ កញ្ចប់ទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងកូវីដ-១៩ ។

ក្នុងនោះដែរលោកឈិន វិនស៊ឹង (Chen Wensheng) ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការរក្សានូវសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ ហើយលោកឈិន វិនស៊ឹង បានសន្យាថានឹងខិតខំជួយជំរុញអ្នកវិនិយោគ និងទេសចរចិនឱ្យមកវិនិយោគ ក្នុងវិស័យទេសចរណ៍ វិស័យអប់រំ និងវិស័យសំខាន់ៗផ្សេងទៀត នាពេលដ៏ខ្លីខាងមុខនេះ។

រាជរដ្ឋាភិបាល កាលពីពេលថ្មីៗនេះ បានអនុម័តដាក់ ឱ្យអនុវត្តផែនទីចង្អុលផ្លូវស្តីពីផែនការ ស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ (២០២០-២០២៥) ដោយផ្តោតចក្ខុវិស័យក្នុងការកែទម្រង់វិស័យទេសចរណ៍កម្ពុជា ឱ្យក្លាយជាគោលដៅទេសចរណ៍គុណភាព សុវត្ថិភាព និងនិរន្តរភាព ដោយយកមកវិញនូវចំនួនទេសចរចិនចំនួន២លាននាក់ ក្នុងឆ្នាំ២០២៣ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here