ដោយៈ សាវុធ
ភ្នំពេញៈ រដ្ឋាភិបាលចិនបានសន្យាថា នឹងបង្កើនការនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។
ការសន្យាត្រូវបានធ្វើឡើងក្នុងឱកាសដែល លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជួបពិភាក្សាទ្វេភាគីជាមួយ ជាមួយលោក វ៉ាង យីទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលជាផ្នែកមួយនៃទស្សនកិច្ចការងារ ដើម្បីផ្លាស់ប្ដូរទស្សនៈស្ដីពីការលើកតម្កើងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
សេចក្តីប្រកាសព័ត៌មានខាងលើបានឱ្យដឹងថា “លោក វ៉ាង យី បានរំលឹកឡើងវិញនូវការបន្តគាំទ្ររបស់ចិនដល់ការអភិវឌ្ឍជាតិរបស់កម្ពុជា និង ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ចិនក៏បានសន្យាថា នឹងនាំចូលផលិតផលកសិកម្មបន្ថែមទៀតពីកម្ពុជា ជាពិសេសអង្ករ និងស្វាយ”។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន។ ភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៉ីជម្រៅ នូវចំណងមិត្តភាពដូចដែកថែប ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន។
តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ប្រាក់ សុខុន បានសម្តែង នូវអំណរគុណ យ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំចិនចំពោះជំនួយដ៏សប្បុរស និងទាន់ពេលវេលា រួមមានឧបករណ៍ វេជ្ជសាស្ត្រ និងវ៉ាក់សាំង ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩៕