ស្ថានទូតចិនបញ្ជាក់ថា ចិននឹងជួយកម្ពុជាដើម្បីយកឈ្នះលើជំងឺកូវីដ១៩ទាំងស្រុង

ដោយៈ សាវុធ

ភ្នំពេញៈ ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ថា រដ្ឋាភិបាលនិងប្រជាជនចិនតែងតែឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជារួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ ពិសេសយកឈ្នះលើជំងឺកូវីដ១៩ទាំងស្រុង។

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ភាគីចិនយកចិត្តទុកដាក់ចំពោះចំណងមិត្តភាពដូចបងប្អូនរវាងចិននិងកម្ពុជា។ ក្នុងកិច្ចការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលនិងប្រជាជនចិនតែងតែឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជារួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា “ស្ថិតក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងតែប្រឈមជាមួយជំងឺវីរុសយ៉ាងតាងតឹង ភាគីចិននឹងបន្តជំរុញយ៉ាងមុតមាំនូវកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរលើការទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយ រហូតដល់កម្ពុជាអាចយកឈ្នះលើជំងឺវីរុសមួយនេះទាំងស្រុង”។

នាពីថ្ងៃទី៨ ខែមិថុនា វ៉ាក់សាំងកូវីដចំនួន៥០ម៉ឺនដូស ដែលជាជំនួយឥតសំណងជំហានទី៤របស់ភាគីចិនជូនចំពោះភាគីកម្ពុជាបានដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ។ នេះគឺជាជំនួយឥតសំណងជាវ៉ាក់សាំងជំហានទី៤ ដែលរដ្ឋាភិបាលចិនជូនចំពោះកម្ពុជាបន្ទាប់ពីជំហានទី១ចំនួន៦០ម៉ឺនដូស ជំហានទី២ចំនួន៧០ម៉ឺនដូស និងជំហានទី៣ចំនួន៤០ម៉ឺនដូស។

ចំពោះវ៉ាក់សាំងដែលបានដឹកជញ្ជូនមកដល់កម្ពុជានាលើកនេះ ក៏មានវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន៥០ម៉ឺនដូសបន្ថែមទៀតដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា។ សហគ្រាសចិនកំពុងខិតខំផលិតយ៉ាងមមាញឹក ដើម្បីប្រគល់វ៉ាក់សាំងទាំងនេះដល់ភាគីកម្ពុជាទាន់ពេលវេលា ជួយភាគីកម្ពុជាលើការប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសមួយនេះ។ ទាំងនេះបានបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុតរបស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងទៀតថា យើងជឿជាក់យ៉ាងមុតមាំថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here