កម្ពុជានិងកូរ៉េកំពុងស្វែងរកពេលវេលាសមស្របដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយៈ សាវុធ

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ប្រទេសកម្ពុជា និងកូរ៉េខាងត្បូងកំពុងរកពេលវេលាស្រប ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) ខណៈវិបត្តិជំងឺកូវីដ១៩ធ្វើឱ្យការចុះហត្ថលេខាងលើកិច្ចព្រមព្រៀងនេះមានការយឺតយ៉ាវជាងផែនការបន្ដិច។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នេះថា ខណៈប្រទេសទាំងពីរនឹងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា ខណៈញ្ហាការរីករាលដាលនៃជំងឺកូវីដ-១៩នេះ វាមិនអាចរាររាំងដំណើរការ នៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានទេ។

លោកបានបញ្ជាក់ថា “ភាគីកម្ពុជាយើង បាននិងកំពុងរៀបចំនីតិវិធីផ្ទៃក្នុង ស្នើសុំសិទ្ធិប្រទានពីប្រមុខរាជរដ្ឋាភិបាល សម្រាប់ឯកឧត្ដមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ចុះហត្ថលេខា។ ភាគីទាំងពីរ នឹងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ដ្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានបន្ថែមថា “ជាការពិត ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ខ្លះដែរ តែមិនអាចរាររាំងដំណើរការ នៃការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ បានទេ គ្រាន់តែយឺតជាងផែនការបន្តិច”។

កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (FTA) ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចូលរួមពី លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម និងភាគីកូរ៉េខាងត្បូង ដឹកនាំដោយលោកស្រី យូ ម្យូងហ៊ី (Yoo Myung-Hee) រដ្ឋមន្រ្ដីពាណិជ្ជកម្មកូរ៉េខាងត្បូង។

បន្ទាប់ពីការប្រកាសបញ្ចប់ ការចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ប្រទេសទាំងពីរ នឹងអនុវត្តនីតិវិធីក្នុងស្រុក សម្រាប់ចុះហត្ថលេខា លើកិច្ចព្រមព្រៀងទ្វេភាគីនេះ ដែលគ្រោងនឹងប្រព្រឹត្ត ទៅនៅពាក់កណ្តាល ឆ្នាំ២០២១។

ក្នុងឆ្នាំ២០២០កន្លងទៅ ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េសម្រេចបានសរុបចំនួន ៧២៩.១៣លានដុល្លារអាមេរិក កើនឡើង១៧.៣១ភាគរយ បើបៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន៨៨១.៧៦លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here