ដោយៈ សាវុធ
ភ្នំពេញៈ ប្រធានព្រឹទ្ធសភាកម្ពុជាបានស្នើដល់លោក Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋ ឆែកថ្មីប្រចាំកម្ពុជា ដើម្បីជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមមកកាន់ប្រទេសកម្ពុជា និងជួយលើកទឹកចិត្តប្រជាជនឆែក មកទស្សនានៅកម្ពុជាបន្ថែមទៀត ជាពិសេសបន្ទាប់ពីជំងឺកូវីដ១៩ បញ្ចប់។
ការស្នើនេះត្រូវបានធ្វើឡើង ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសអនុញ្ញាតឱ្យទូតសាធារណរដ្ឋឆែកថ្មីប្រចាំកម្ពុជា ចូលជួបធ្វើ សវនាការ និងសម្តែងការគួរសមនៅវិមានព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោក Martin Vávra បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ដែលមានតាំងពីយូរលង់ណាស់មកហើយ ជាពិសេសកិច្ច សហប្រតិបត្តិការរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ ដែលកាលពីខែធ្នូ ឆ្នាំ២០១៧ លោក Ivo Barek អនុប្រធានព្រឹទ្ធសភានៃសាធារដ្ឋឆែក បានមកបំពេញទស្សនកិច្ច នៅកម្ពុជា។
លោក Martin Vávra បានបញ្ជាក់ថា តាមរយៈបេកសកកម្មការទូតរបស់លោកនៅកម្ពុជា លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមទៀតជាអាទិ៍៖ វិស័យសេដ្ឋកិច្ច ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ជាពិសេសជំរុញអ្នកទេសចរឆែក មកទស្សនានៅប្រទេសកម្ពុជាឱ្យកាន់ច្រើនថែមទៀត។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានរំលឹកថា ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥៦ ក្រោមស្នាព្រះហស្ថរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ជាមួយអតីតថ្នាក់ដឹកនាំឆែកជំនាន់មុន។ រហូតមកដល់ពេលនេះនាក់ទំនងការទូតប្រទេសទាំងពីរ មានរយៈពេល ៦៥ឆ្នាំ ហើយឆ្នាំនេះគឺជាខួបលើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឆែក។
ក្នុងនាមប្រជាជនកម្ពុជា ព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តីបានប្រសិទ្ធពរជូនថ្នាក់ដឹកនាំ និងប្រជាជននៃសាធារណរដ្ឋឆែក សូមបន្តទទួលបាន នូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមខ្លាំងក្លាប្រកប ដោយវឌ្ឍនភាព វិបុលភាព និងសូមប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងទាំងពីរ កាន់តែរឹងមាំស្ថិតស្ថេរយូរអង្វែង។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ ការរីកចម្រើន និងទំនាក់ទំនងដ៏ល្អនេះស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់ដឹកនាំតាមក្រសួង ស្ថាប័ននានា ក៏ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការបង្កើតយន្តការពិគ្រោះយោបល់ ទ្វេភាគី រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ៕