ដោយៈ សាវុធ
ភ្នំពេញៈ គ្មាននរណាម្នាក់ចង់អោយជីវិតគេធ្លាក់ទៅក្នុងបំណុលនោះទេ ប៉ុន្តែបើអ្នកហ៊ានតែធ្វេសប្រហែសមួយភ្លេត អ្នកអាចនឹងធ្លាក់ទៅក្នុងបំណុលដោយមិនដឹងខ្លួន។ ថ្ងៃនេះសូមណែនាំនូវចំណុចមួយចំនួនដែលជួយអោយអ្នកជៀសឆ្ងាយពីបំណុលបាន៖
ទី១) មានផែនការច្បាស់លាស់
ផែនការនៅត្រង់នេះមិនសំដៅទៅលើការរៀបចំអនាគតជីវិតគ្រួសារឡើយ ប៉ុន្តែវាសំដៅដល់ផែនការសម្រាប់ចំណាយក្នុងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ អ្នកគួររៀបចំបែងចែកខ្ទង់ចំណាយអោយបានត្រឹមត្រូវ។ កុំមានគំនិតថាពេលរកបានច្រើន អ្នកបានខំធ្វើការហត់នឿយហើយ ដូច្នេះត្រូវចាយច្រើនដែរដើម្បីអោយស្មើការដែលបានខំប្រឹងប្រែងនោះ។ ផ្ទុយទៅវិញ អ្នកត្រូវអ្នកត្រូវសន្សំអោយបានច្រើនទុកថ្ងៃក្រោយ ក្រែងមានបញ្ហាអ្វីមួយត្រូវការលុយបន្ទាន់ អ្នកមានលុយខ្លួនឯងស្រាប់ មិនចាំបាច់ខ្ចីលុយគេឡើយ។
ទី២) ចំណាយលើអ្វីដែលចាំបាច់
ជារៀងរាល់ខែអ្នកទទួលបានប្រាក់ខែថេរឬអាចលើសបន្តិចបន្តួច ប៉ុន្តែការចំណាយនិងតម្រូវការរបស់អ្នកវិញ វាច្បាស់ជាមិនថេរដូចប្រាក់ខែដែលអ្នកទទួលបានឡើយ។ ដូចនេះអ្នកត្រូវច្បាស់លាស់រឿងចំណាយបន្តិច ជាពិសេសចំពោះស្រីៗ ពេលទៅផ្សារគួរកត់ត្រានូវអ្វីដែលត្រូវទិញចាំបាច់ ជៀសវាងទិញនូវអ្វីដែលមិនមែនជាតម្រូវការចំបាច់នាំអោយការចំណាយកើនឡើងលើសពីចំណូលដែលបានមក។
ទី៣) រៀនហាមចិត្តខ្លួនឯង
ការដែលរៀនហាមចិត្តរបស់ខ្លួនឯងក្នុងការជាចាយវាយ ជាវិធីសាស្ត្រល្អបំផុតក្នុងការរារាំងខ្លួនឯងពីការទិញនេះទិញនេះដែលជួយឲ្យអ្នកជៀសឆ្ងាយពីបំណុល។ ប្រសិនបើអ្នកចង់ទិញអ្វីសម្រាប់ខ្លួនឯង អ្នកគួរសួរខ្លួនឯងអោយបាន១០ដងសិន មុននឹងសម្រេចចិត្តទិញវា។ បើអ្នកចង់បានរបស់ណាមួយខ្លាំងឧទាហរណ៍ដូចជាចង់បានទូរស័ព្ទទំនើបស៊េរីថ្មីមួយ ប៉ុន្តែអ្នកមានលុយមិនគ្រប់ អ្នកត្រូវហាមចិត្តខ្លួនឯង អ្នកត្រូវគិតថាតើអ្នកត្រូវធ្វើការសន្សំប្រាក់ប៉ុន្មានខែឬឆ្នាំដើម្បីគ្រប់លុយទិញវា? ក្រោយទិញមករួចតើវាធ្វើឲ្យអ្នកមានជីវភាពប្រសើរជាងមុននឬយ៉ាងណា? ចូរកុំធ្វើអ្វីតាមចិត្តដោយគ្មានការពិចារណាអោយបានល្អិតល្អន់នោះ ព្រោះវានឹងនាំអោយអ្នកអន្តរាយទៅថ្ងៃក្រោយ៕ Spean៕