រដ្ឋាភិបាលសន្សំសំចៃថវិកាបានជាង៩០លានដុល្លារដើម្បីដោះស្រាយបញ្ហាវិបត្តិកូវីដ

ដោយៈ សាវុធ

ភ្នំពេញៈ លោក មាស សុខសេនសានអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាអាចសន្សំសំចៃថវិកាបានជាង៩០លានដុល្លារ ពីការកែសម្រួលចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២១ ដើម្បីដោះស្រាយបញ្ហាវិបត្តិនៃជំងឺកូវីដ១៩។

លោកមាស សុខសេនសានបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ ថា យើងគិតថា ក្នុងការអនុវត្ដតាមសារាចរណែនាំ ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១នេះ យើងសន្សំថវិកា បានជាង៩០លានដុល្លារ។

លោកបានថ្លែងថា ការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១នេះ មិនប៉ះពាល់ដល់ថវិកា ថ្នាក់ក្រោមជាតិនោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានឲ្យដឹងដែរថា ចំពោះកញ្ចប់ថវិកាជាង៨០០លានដុល្លារ ដែលរាជរដ្ឋាភិបាលផ្ដល់សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ គឺនៅតែបន្ដបែងចែកថវិកាជូនទៅគណៈកម្មាធិការ តាមក្រសួងស្ថាប័នរៀងៗខ្លួនដដែល។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានឱ្យដឹងទៀតថា ថា បើសិនជាទឹកប្រាក់៨០០លានដុល្លារ ដែលសម្រាប់ជួយដោះស្រាយ បញ្ហាវិបត្តិជំងឺកូវីដ១៩ មិនគ្រប់គ្រាន់ទេនោះ រាជរដ្ឋាភិបាលនឹងបន្ដត្រៀមបម្រុងថវិកាបន្ថែមទៀត។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ បានចេញសារាចរណែនាំ ស្ដីពីការការធ្វើវិចារណកម្ម (ចំណាយឲ្យសមហេតុសមផល) និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិកាថ្នាក់ជាតិ ឆ្នាំ២០២១។

ការធ្វើវិចារណកម្ម ចំណាយថវិកាឡើងវិញនេះ ក្នុងបុព្វហេតុសន្សំធនធាន ដើម្បីបង្វែរថវិកាមកដោះស្រាយ បញ្ហាជាអាទិភាពនាពេលបច្ចុប្បន្ន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវី៧-១៩ និងទប់ទល់ផលប៉ះពាល់អវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here