ឯកអគ្គរដ្ឋទូត​ចិន​ផ្ញើ​សារ​ដ៏​កក់ក្តៅ​ជូន​ពលរដ្ឋ​កម្ពុជា “ចិន​ខិតខំ​ជួយ​ឱ្យ​ប្រជាជន​កម្ពុ​ជាមាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ”

ដោយៈ​សាវុធ

ភ្នំពេញៈ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​សំណេរ​ក្នុង​អត្ថបទ​មួយ សម្រាប់​សៀវភៅ​មួយ​ស្តីពី “ការកាត់បន្ថយ​ភាពក្រីក្រ​សម្រាប់​មនុស្សជាតិ” ថា​ចិន​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា ដែលជា​បងប្អូន​របស់​ចិន មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ​ក្នុងនាម​ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​ជា​បងប្អូន​ល្អ។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​សរសេរ​សំណេរ​អត្ថបទ​សម្រាប់​សៀវភៅ​ក្រោម​ចំណងជើង​ថា “ការអនុវត្ត​របស់​ចិន​សម្រាប់​មនុស្សជាតិ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ” ដែល​ចេញផ្សាយ​ដោយ ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន កាលពីថ្មីៗនេះ។

លោក​បាន​សរសេរ​រៀបរាប់ថា ចិន​និង​កម្ពុជា គឺជា​ប្រទេស​កំពុងអភិវឌ្ឍន៍ ហើយ​ក៏មាន​ភារកិច្ច​សំខាន់​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​បន្តថា ”ក្នុងនាម​ជា​អ្នកជិតខាង​ល្អ មិត្ត​ល្អ ដៃគូ​ល្អ និង​ជា​បងប្អូន​ល្អ ចិន​តែង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​កម្ពុជា​ដែលជា​បងប្អូន​របស់​ចិន មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អប្រសើរ” ។

ជាមួយគ្នានេះដែរ លោក​បាន​ឱ​ឲ្យ​ដឹងថា នា​ខែមករា ឆ្នាំ២០២១ គម្រោង ភូមិ​គំរូ​មិត្តភាព​ចិន និង​កម្ពុជា សម្រាប់​ការកាត់បន្ថយ​ភាពក្រីក្រ ត្រូវបាន​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​ក្នុង ស្រុក​បាទី ខេត្តតាកែវ ដែល​គម្រោង​ខាងលើនេះ ជាការ​ផ្តួចផ្តើម​រួមគ្នា​ដោយ​មូលនិធិ ដើម្បី​សន្តិភាព​និង ការអភិវឌ្ឍ និង​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​កម្ពុជា បាន​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​កិច្ច​សហ ប្រតិបត្តិ​ការកាត់បន្ថយ​ភាពក្រីក្រ​រវាង​ប្រទេស​ទាំងពីរ។

លោក​ជឿជាក់ថា ស្ថិតក្រោម​ការខិតខំ​រួមគ្នា​របស់​ភាគី​ទាំងពីរ គម្រោង​នេះ​នឹង​ដឹកនាំ​ប្រជាជន​ក្នុង​មូលដ្ឋាន ឆ្ពោះទៅរក​មាគ៌ា​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង​មាន​ភាព​ធូរធារ ហើយនឹង​ក្លាយជា​ចំណុច​គំរូ និង​ចំណុច​ចាប់ផ្តើម​ថ្មី សម្រាប់​ការងារ​កាត់បន្ថយ​ភាព​ក្រី​ក នៅក្នុង​ប្រទេស​កម្ពុជា។

ពេលបច្ចុប្បន្ន​នេះ ប្រជាជន​បណ្តា​ប្រទេស​លើ​ពិភពលោក កំពុង​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាង ពិភពលោក​មួយ​ដែល​ប្រកបដោយ​សន្តិភាព​យូរអង្វែង សន្តិសុខ​ទាំងស្រុង រុងរឿង​វិបុលភាព​រួមគ្នា បើកចំហរ អត់ឱន​គ្នា និង​ប្រកបដោយ​ភាពស្រស់ស្អាត។

លោក​ឯកអគ្គរដ្ឋទូត​បាន​បន្តថា ចិន​រីករាយ​បន្ត​ចែករំលែក​បទពិសោធន៍​កាត់បន្ថយ ភាពក្រីក្រ ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​រួមទាំង​ប្រទេស​កម្ពុជា ពង្រឹង​ការប្រាស្រ័យ​គ្នា​លើ យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ដែល​ផ្តល់​អត្ថប្រយោជន៍​គ្នា​ទៅវិញទៅមក​និង ប្រកបដោយ​ភាពជាក់ស្តែង។

លោក Wang Wentian បាន​ថ្លែងថា “ចូរ​យើង​ពួតដៃគ្នា​ឆ្ពោះទៅមុខ​ដោយ​អង់អាច​ដើម្បី​កិច្ចការ​កាត់បន្ថយ​ភាពក្រីក្រ​លើ​សកលលោក រួមគ្នា​កសាង​ភាព​ត្រចះត្រចង់​នាពេល​អនាគត​សម្រាប់​ការអភិវឌ្ឍន៍​និង ប្រកបដោយ​វិបុលភាព​ដល់​មនុស្សជាតិ​គ្រប់រូប” ។

អស់​រយៈពេល​ជាង៧០ឆ្នាំ បន្ទាប់ពី​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក ប្រទេស​ចិន បានផ្តល់​ជំនួយ​ក្រោម​ទម្រង់​រូបភាព​ជាច្រើន ដល់​ជាង១៦០ប្រទេស និង​អង្គការ​អន្តរជាតិ រួមមាន​ក្នុង​តំបន់​អាស៊ី អាហ្វ្រិក អា​មេ រិ​ក​ឡាទីន រ៉ា​ប៊ី​ន អូ​សេ​អា​នី និង​អឺរ៉ុប​ជាដើម បាន​ជួយ​កាត់បន្ថយ​លើកលែង​បំណុល​របស់​ប្រទេស ជាប់​ពាក់ព័ន្ធ បានផ្តល់​ការគាំទ្រ​និង​ការជួយ​យ៉ាង​ពេញទំហឹង ដល់​ប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​ក្នុងការ អនុវត្ត​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍។

យោងតាម​របាយការណ៍​ស្រាវជ្រាវ​របស់​ធនាគារ​ពិភពលោក បានឱ្យដឹងថា ការរួម​គ្នា​កសាង ខ្សែក្រវាត់​និង​ផ្លូវ អាចជួយ​ដល់​ប្រជាជន នៃ​ប្រទេស​ពាក់ព័ន្ធ​ជាង៧៦លាន​នាក់​រួច​ផុតពី​ភាពក្រីក្រ​ខ្លាំង ហើយ​ក៏មាន​ប្រជាជន​ចំនួន​ប្រហែល៣២លាន​នាក់ អាច​រួច​ផុតពី​ភាពក្រីក្រ​កម្រិត​មធ្យម។ នៅពេល​អនាគត ចិន​នឹងចូលរួម​កាន់តែ​ស៊ីជម្រៅ នៅក្នុង​អភិបាលកិច្ច​ភាពក្រីក្រ​លើ​ពិភពលោក និង​ចូលរួមចំណែកថ្មីៗកាន់តែច្រើន ដល់​ការកសាង​ពិភពលោក​ប្រកបដោយ​លក្ខណៈ​គ្មាន ភាពក្រីក្រ​និង​ការអភិវឌ្ឍន៍​រួមគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here