អគារការិយាល័យចាស់ៗនៅហុងកុងប្រឈមនឹងខាតបង់ថ្លៃជួលរាប់រយលានដុល្លារ

ដោយៈសុខុម

ហុងកុង: អគារការិយាល័យ”ចាស់ៗ” យ៉ាងតិច១០០អគារ នៅក្រុងហុងកុង ចាំបា​ច់ត្រូវជួសជុលកែលម្អ ដើម្បីជួលបានតម្លៃខ្ពស់ ខណៈការឆ្លងរាតត្បាតវីរុសកូវីដ-១៩ធ្វើឱ្យ​ទីផ្សារ និងការរំពឹងទុករបស់អ្នកជួលប្រែប្រួល។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី៥ ឧសភានេះ។

ក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យរបស់អង់គ្លេស JLL និយាយថា ជាងពាក់កណ្តាលនៃអគារលំដាប់A និង B ក្នុងទីក្រុងនេះត្រូវបានចាត់ទុកថាចាស់ ព្រោះអគារទាំងនោះ ត្រូវបានសាងសង់តាំងពីជាង២០ឆ្នាំមុន ដោយតម្លៃជួលថោកជាងអគារថ្មីៗចន្លោះពី១០%ទៅ៤០%។

ក្រុមហ៊ុនដដែលនិយាយទៀតថា ដោយសារការជួសជុលកែលម្អបានតិចជាង១ភាគ៤ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ អគារទាំងនេះអាចនឹងខាតបង់ថ្លៃជួលរហូតដល់ទៅ១,៣ពាន់លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកAndrew Macpherson ប្រធានផ្នែកអភិវឌ្ឍន៍អចលនទ្រព្យនៅក្រុមហ៊ុន JLL Asia Pacific ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកថ្លែងថា “អគារដែលមានស្រាប់ជាច្រើនលែងទទួលបានតម្លៃជួលខ្ពស់ ដូចមុនពេលផ្ទុះការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ទៀតហើយ​។

លោកបន្តថា “ស្ថានភាពនេះនឹងកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលអគារថ្មីៗដែលត្រូវបានរចនាឡើង ដើម្បីឆ្លើយតបនឹងគុណតម្លៃ ក្រោយការឆ្លងរាតត្បាតវីរុសកូវីដ-១៩ ចូលក្នុងទីផ្សារអចលនទ្រព្យនៅរយៈពេល២ទៅ៣ឆ្នាំខាងមុខ”។

ពេលនេះ ម្ចាស់អគារទាំងនោះកំពុងព្យាយាមកែប្រែស្ថានការណ៍ និងធ្វើឱ្យចំណូលពីការជួលរបស់ខ្លួនកើនឡើង ដោយខ្លះកំពុងជួសជុលកែលម្អអគារជាច្រើនរបស់ខ្លួន។ តួយ៉ាង អគារ Hong Kong Club ដែលបានសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៨៤ ពេលនេះកំពុងស្ថិតក្រោមការជួសជុលកែលម្អ។ ហើយអគារ China Everbright Centre ដែលត្រូវបានសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩១ ក៏កំពុងដំណើរការកែលម្អផងដែរ។

ពេលនេះក្រុមហ៊ុន Hysan Development ដែលទទួលអត្ថប្រយោជន៍ពីការអភិវឌ្ឍឡើងវិញក្នុងឆ្នាំ២០១៧ នៅតំបន់ Causeway Bay យកថ្លៃជួលចន្លោះពី៥០ដុល្លារហុងកុង (៦,៤៤ដុល្លារអាមេរិក) ទៅ៦០ដុល្លារហុងកុង (៧,៧២ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ (០,០៩ម៉ែត្រការ៉េ) ដោយក្នុង១ម៉ែត្រការ៉េស្មើនឹង១០,៧៦ហ្វីត៕

LEAVE A REPLY

Please enter your comment!
Please enter your name here