ក្រសួងពាណិជ្ជកម្មនឹងបញ្ឈប់ការលក់ទំនិញក្នុងតំបន់ក្រហម ខណៈទីផ្សារអនឡាញបើកដំណើរការធម្មតា

          ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ដោយសារការប្រកាសថ្មីរបស់រាជរដ្ឋាភិបាល នឹងបញ្ចប់ការបិទខ្ទប់ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១តទៅ ក្រសួងពាណិជ្ជកម្មត្រៀម នឹងរើស្តង់ទាំង១១ទីតាំង ហើយបញ្ឈប់សកម្មភាពលក់ចល័តតាមរថយន្ត ប៉ុន្តែទីផ្សារអនឡាញរបស់ក្រសួងនឹងបន្តបើកជាធម្មតា ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋដដែល។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៤ ឧសភាកន្លងមកថា យោងតាមសេចក្តីណែនាំថ្មីដែលរាជរដ្ឋាភិបាលប្រកាសថា នឹងបញ្ចប់ការបិទខ្ទប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលផ្តល់សិទ្ធិទៅឲ្យអាជ្ញាធរនាយកដ្ឋាន អាជ្ញាធររាជធានីភ្នំពេញដែលត្រូវកំណ​ត់ថា ជាតំបន់ណាក្រហម ឬតំបន់ណាលឿងទុំ ហើយមានកាតព្វកិច្ចត្រូវផ្គត់ផ្គង់ស្បៀងអាហារចាំបាច់ទៅដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ។

លោកបន្តថា “ប្រសិនជាមានតម្រូវការចាំបាច់ អាជ្ញាធរមានសមត្ថកិច្ចអាចស្នើសុំឲ្យក្រសួងពាក់ព័ន្ធ ចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្គត់ផ្គង់ស្បៀងនេះ”។ លោកបានឲ្យដឹងថា “ក្នុងករណីមានការស្នើរសុំឲ្យជួយធ្វើអន្តរាគមន៍ លក់នៅក្នុងតំបន់ណាមួយឡើងវិញនៃការកំណត់ភូមិសាស្រ្ត ដែលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរពាក់ព័ន្ធ ដែលយល់ថាជាតំបន់ ដែលមានហានិភ័យខ្ពស់ ហើយប្រជាពលរដ្ឋមិនអាចចេញទិញអាហារបាន ក្រសួងនឹងធ្វើប្រតិបត្តិការជូនភ្លាមឲ្យតែមានការស្នើរសុំ បានន័យថាឡានរបស់យើងមាននៅកន្លែងស្រាប់ ស្តង់របស់យើងក៏មានស្រាប់ ដូច្នេះយើងនឹងត្រៀមខ្លួនធ្វើសហប្រតិបត្តិការទៅតាមសំណើររបស់អាជ្ញាធររាជធានី ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ក្រសួងនៅតែរក្សាដដែល ដោយភ្ជាប់ទំនាក់ទំនងទៅនឹងទីផ្សារផ្សេងៗទៀត ដែលនៅមានជាធរមាន ហើយនេះក៏ជាកិច្ចការត្រៀមមួយដែរ ក៏ប៉ុន្តែទីផ្សារអនឡាញនេះនៅដំណើរការ ប្រសិនជាបងប្អូននៅតំបន់ក្រហម ឬតំបន់ដែលកំណត់ថ្មីដោយអាជ្ញាធររាជធានី យោងទៅតាមសេចក្តីសម្រេចចុងក្រោយនេះ លោកមានតម្រូវការ លោកអាចធ្វើការបញ្ជាទិញ ទៅលើទីផ្សារអនឡាញដដែល ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ក្រសួងពាណិជ្ជកម្ម ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានក្នុងការដឹកជញ្ជូនឲ្យទៅដល់មាត់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here