អ្នកវិនិយោគនៅតែមានទំនុកចិត្តលើរដ្ឋាភិបាលក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩

ដោយៈ លក្ខិណា

ភ្នំពេញៈ ក្នុងរយៈពេលត្រឹមតែជិតមួយខែតែប៉ុណ្ណោះ កម្ពុជារកឃើញថាអ្នកឆ្លងកូវីដ១៩រហូតដល់រាប់ពាន់នាក់ ជាពិសេសនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ តួលេខអ្នកឆ្លងកូវីដ១៩បានកើនឡើងខ្ពស់មិនធ្លាប់មាន តែយ៉ាងណាក្ដីវិនិយោគិនក្នុងស្រុកជាច្រើននៅតែជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានភាពកូវីដ១៩ និងជំរុញឱ្យស្ថានភាពសេដ្ឋកិច្ចវិលទៅរកភាពដើមឡើងវិញ។

បណ្ដាធុរជន និងអ្នកអភិវឌ្ឍន៍ជាច្រើននៅតែជឿលើគោលការណ៍ និងវិធានការក្នុងគ្រប់គ្រងស្ថានភាពកូវីដ១៩របស់រាជរដ្ឋាភិបាលនិងអាជ្ញាធរ ដែលអាចនឹងជំរុញស្ថានភាពនេះ អាចទៅរកភាពដើម និងអនុញ្ញាតឱ្យអាជីវករនិងធុរជនអាចប្រកបរបររកទទួលទានឡើងវិញ។

បើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យបានអះអាងថា លោកជឿជាក់ថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងស្ថានភាពកូវីដ១៩និងធ្វើឱ្យស្ថានភាពវិលទៅរកភាពដើមវិញ នៅពេលឆាប់តែយ៉ាងណាក៏ត្រូវមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ជាក់ស្ដែងក្នុងពេលដែលកម្ពុជាមានការរីករាលដាលបែបនេះ ពលរដ្ឋត្រូវចូលរួមឱ្យបានម៉ឺងម៉ាត់ដើម្បីបញ្ចប់ការឆ្លងរាលដាលនៃជំងឺនេះដែលអាចធ្វើឱ្យសេដ្ឋកិច្ចកាន់តែរងផលប៉ះពាល់ធ្ងន់ធ្ងរឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកលោកស្រី ក្លេខៃចិន្ដា ប្រធានសមគមសណ្ឋាគារកម្ពុជាក៏បានឱ្យដឹងផងដែរថា ពេលនេះពលរដ្ឋមិនអាចធ្វើអ្វីបានក្រៅតែពីការចូលរួមទប់ស្កាត់និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលនោះទេ ដើម្បីឱ្យព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍បានបញ្ចប់ទៅវិញឆាប់ៗ និងធ្វើឱ្យចរន្តសេដ្ឋកិច្ចអាចត្រលប់ទៅរកភាពដើមឡើងវិញ។

លោកស្រីបន្តថា ពេញមួយឆ្នាំ២០២០ វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរណាស់ទៅហើយ ពីវិបត្តិនៃជំងឺកូវីដ១៩នេះ ដោយប្រតិបត្តិករទេសចរជាច្រើនបានបាត់បង់ចំណូល អាជីវកម្មខ្លះត្រូវបិទទ្វារព្រោះតែមិនមានភ្ញៀវមកទទួលសេវា ហើយអាជីវកម្មខ្លះទៀតត្រូវផ្អាកដំណើរការដោយរង់ចាំមើលពីស្ថានភាពប្រសើរឡើងវិញ។

ប្រធានសមាមអចលនទ្រព្យសកល និងជាវិនិយោគិនមួយរូបនៅកម្ពុជាលោកសំ សុខនឿនក៏បាននិយាយផងដែរថា តាមរយៈបទពិសោធន៍ដែលរាជរដ្ឋាភិបាលធ្វើកន្លងមក លោកជឿជាក់ថារដ្ឋាភិបាលពិតជាអាចគ្រប់គ្រងស្ថានភាពកូវីដ១៩និងធ្វើឱ្យសេដ្ឋកិច្ចអាចវិលទៅរកប្រក្រតីភាពឡើងវិញនៅពេលឆាប់ៗ។

បើតាមការរំពឹងរបស់លោកអាចចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយសេដ្ឋកិច្ចកម្ពុជានឹងមានសកម្មភាព និងកំណើនឡើងវិញ ដោយសកម្មភាពវិនិយោគនិងអាជីវកម្មគាំទ្រសេដ្ឋកិច្ចអាចកម្រើកឡើងវិញបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here