អ្នកជំនាញ​ដាស់តឿនៈ​បុគ្គល​ដែល​ពឹង​លើ​ប្រាក់ខែ​មួយ​មុខគួរ​ស្វែងរក​ចំណូល​ក្រៅ​ម៉ោង​ក្នុង​វិបត្តិ​កូ​វីដ១៩នេះ

ដោយៈ​លក្ខិណា

ភ្នំពេញៈ បុគ្គល​ដែល​ពឹងផ្អែក​តែ​លើ​ប្រាក់ខែ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ១៩នេះ គួរតែបង្កើត​ជំនាញ និង​ស្វែងរក​ចំណូល​ក្រៅ​ម៉ោង​ធ្វើការ ដើម្បី​ទប់ស្កាត់​ការធ្លាក់​ចូលទៅក្នុង​ជ្រោះ​នៃ​វិបត្តិ​សេដ្ឋ​គ្រួសារ ។ នេះ​បើតាម​លោក​ង៉ែត ជូ សេដ្ឋវិទូ​មួយរូប​នៅ​កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ង៉ែត ជូ​ អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​របស់លោក​កាលពី​សប្តាហ៍​មុន​ថា បុគ្គល​ដែលមាន​ជីវភាព ពឹង​ផ្អែកលើ​ប្រាក់ខែ​តែមួយ​មុខ គួរ​យក​ឱកាស​នៃ​ការបិទ​ខ្ទប់​នេះ សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​ឱកាស និង​បង្កើត​ជំនាញថ្មីៗ ដើម្បី​អាច​រក​ចំណូល​ក្រៅ​ម៉ោង​ធ្វើការ ដែល​នៅ​អាមេរិក​គេ​ហៅថា “Side Hustle” ។

លោក​បន្តថា “យើង​មិនដឹងថា​វិបត្តិ​នេះ​នឹង​អូសបន្លាយ​ដល់​ពេលណា? ហើយ​ធ្ងន់ធ្ងរ​រហូតដល់​ក្រុមហ៊ុន និង​ស្ថាប័ន​ជាច្រើន​បន្ត​បិទទ្វារ​ឬ​យ៉ាងណា? បើ​ដូច្នេះ​មែន នោះ​ការពឹងផ្អែក​តែ​ប្រាក់ខែ​មួយ​មុខ ប្រឈម​នឹង​ហានិភ័យ​ធំ​ណាស់ ព្រោះ​មនុស្ស​ជាច្រើន​បាន​ទិញ​ផ្ទះ​បង់​រំលស់ មាន​បំណុល​ធនាគារ ត្រូវ​បង់ថ្លៃ​សាលា​កូន និង​ត្រូវ​រ៉ាប់រង​ចំណាយ​ក្នុង​គ្រួសារ” ។

ជាមួយគ្នានេះ លោក​បណ្ឌិត​គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ចកម្ពុជា​មួយរូប​ក៏បាន  ឱ្យដឹង​ផងដែរ​ថា ព្រឹត្តិការណ៍២០កុម្ភៈ ២០២១នេះ ដែល​ឈានដល់​ការបិទ​អាជីវកម្ម បិទ​ចរាចរណ៍​បែបនេះ គឺ​ពិតជា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ធំធេង​ណាស់ តែ​ដើម្បី​សុវត្ថិភាព​រដ្ឋាភិបាល ត្រូវ​បង្ខំចិត្ត​បិទ​បែបនេះ​រយៈពេល​ខ្លី ដោយ​មិន​បណ្ដែត​បណ្ដោយឱ្យ​ជំងឺ​នេះ​អូសបន្លាយ​កាន់តែ​យូរ ។

ក្រុម​សង្គម​ស៊ីវិល ជាច្រើន​ក៏បាន​គាំទ្រ​នូវ​ចំណាត់ការ របស់​រដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​បន្តទៀត ក្នុង​សហគមន៍​ខណៈ​រហូតមក​ដល់ពេលនេះ តួលេខ​អ្នក​ឆ្លង​កូ​វីដ១៩ នៅ​កម្ពុ​ជាមាន​ចំនួន​ដល់​ទៅ​ជាង៦០០០នាក់ និង​អ្នក​ឆ្លង​ក្នុង​សហគមន៍​ព្រឹត្តិការណ៍២០ កុម្ភៈ មាន​រហូតដល់៥២២៨នាក់ ក្នុង​រយៈពេល​តែ​ប្រមាណ២ខែ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ បណ្ដា​ក្រុមហ៊ុន​និង​សហគ្រាស​ជាច្រើន ក៏បាន​អនុញ្ញាតឱ្យ​បុគ្គលិក​និ​យោ​ជិ​ក​របស់ខ្លួន ធ្វើការ​ពី​ផ្ទះ​សម្រាប់​អ្នក​ដែល​អាច​ធ្វើបាន ហើយ​ក៏មាន​ក្រុមហ៊ុន និង​សហគ្រាស​មួយចំនួនទៀត បាន​បង្ខំ​ផ្អាក​សកម្មភាព​ការងារ​មួយរយៈ​ពេល​ផងដែរ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ១៩នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here