តើ​លោក​ចូ បៃ​ឌិន អាច​រារាំង​មហា​យក្ស​ចិន​មិន​ឲ្យ​មានឱកាស​ក្លាយជា​មហាអំណាច​ទី១?

ដោយៈ​សុខុម

វ៉ាស៊ីនតោន:  កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៥ មីនា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន បានលើកឡើង​គួរឱ្យភ្ញាក់ផ្អើល​ថា លោក​នឹង​រារាំង​មិនឱ្យ​មហា​យក្ស​ចិន វ៉ា​ឈ្នះ​សហរដ្ឋអាមេរិក ក្លាយជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​បំផុត ឬ​ក្លាយ​បងធំ​ទី១ របស់​ពិភពលោក​ឡើយ។

លោក​បៃ​ដិ​ន បាន​ប្តេជ្ញា​វិនិយោគ ក្នុង​ទំហំ​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ធានាបាន​ថា សហរដ្ឋអាមេរិក នឹង​ឈ្នះ​នៅក្នុង​សង្គ្រាម​ប្រកួតប្រជែង​ឥទ្ធិពល រវាង​សេដ្ឋកិច្ច​ធំ​បំផុត​ទាំងពីរ​របស់​ពិភពលោក​នេះ។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​កាលពី​ថ្ងៃទី២៦ មីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ចូ បៃ​ឌិ​ប និយាយថា លោក​ធ្លាប់បាន​ចំណាយពេល “ជាច្រើន​ម៉ោង” ជាមួយ​ប្រធានាធិបតី​ចិន លោក​ស៊ី ជីន​ភីង នៅពេល​លោក​កាន់តំណែង ជា​អនុ​ប្រធានាធិបតី​ក្រោម​អតីត​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ហើយ​លោក​ជឿជាក់ថា ប្រធានាធិបតី​ចិន រូបនេះ​យល់ថា របប​ដឹកនាំ​ផ្ដាច់ការ​ជា​មាគ៌ា​ដ៏​ល្អ ឆ្ពោះទៅកាន់​អនាគត​ដ៏​ត្រចះត្រចង់ គឺ​មិនមែន​លទ្ធិប្រជាធិបតេយ្យ​នោះឡើយ។

ប្រធានាធិបតី​មកពី​ប្រជាធិបតេយ្យ​រូបនេះ​លើកឡើង​ទៀតថា លោក​ធ្លាប់​បានបញ្ជាក់​យ៉ាងច្បាស់ នៅ​ចំពោះ​លោក​ស៊ី ជីន​ភីង​ថា សហរដ្ឋអាមេរិក មិន​ចង់ឱ្យមាន​ការប្រឈមមុខ​ដាក់គ្នា​ឡើយ ប៉ុន្តែ​ទទូច​ឱ្យ​មហា​យក្ស​ចិន គោរព​តាមច្បាប់​អន្តរជាតិ ធ្វើការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌ ធ្វើ​ពាណិជ្ជកម្ម​ដោយ​ភាពត្រឹមត្រូវ និង​គោរព​សិទ្ធិមនុស្ស។

លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា “ប្រទេស​ចិន មាន​គោលដៅ​រួមមួយ គឺ​ធ្វើយ៉ាងណា​ឱ្យ​ក្លាយជា​ប្រទេស​ឈានមុខ​គេ នៅលើ​ពិភពលោក ជា​ប្រទេស​មាន​ស្តុកស្ដម្ភ​បំផុត​លើ​ពិភពលោក និង​ជា​ប្រទេស​មាន​ឥទ្ធិពល​បំផុត​លើ​ពិភពលោក។ រឿង​នោះ​នឹង​មិនអាច​កើតឡើង​ឡើយ បើតាម​ការឃ្លាំមើល​រប​ស់​ខ្ញុំ ព្រោះ​សហរដ្ឋអាមេរិក នឹង​នៅតែ​បន្ត​រីកចម្រើន​មិន​ឈប់” ។

ក្នុង​សន្និសីទ​សារព័ត៌មាន​លើកដំបូង​របស់លោក ចាប់តាំងពី​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ក្នុង​ខែមករា ដើមឆ្នាំ២០២១ នេះ លោក​ចូ បៃ​ឌិន ថ្លែងថា “គាត់ [ស៊ី ជីន​ភីង] មិន​ខុសពី​លោក ពូ​ទីន [ប្រធានាធិបតី​រុស្ស៊ី] នោះទេ​ដែល​យល់ថា របប​ដឹកនាំ​ផ្ដាច់ការ​គឺជា​ដំណើរ​ឆ្ពោះទៅកាន់​អនាគត ហើយ​លទ្ធិប្រជាធិបតេយ្យ មិនបាន​ផល​ឡើយ​នៅក្នុង​ពិភពលោក​ដ៏​ស្មុគស្មាញ​ដែល​មិន​ធ្លាប់មាន​នេះ” ។

កាលពីដើម​ខែមីនា​នេះ លោក ចូ បៃ​ឌិន បាន​ប្រាប់​សារព័ត៌មាន ABC News គួរឱ្យភ្ញាក់ផ្អើល​ថា លោក​ជឿថា​លោក ពូ​ទីន គឺជា “ឃាតករ” ដែល​បាន​បង្ក​ឱ្យ​មហាជន​ផ្ទុះ​កំហឹង​នៅ​ទីក្រុង​មូ​ស្គូ។

លោក​ចូ បៃ​ឌិន និយាយថា “គាត់ [ស៊ី ជីន​ភីង] គ្មាន​ឈាម​ប្រជាធិបតេយ្យ សូម្បីតែ​បន្តិច​នៅក្នុង​ខ្លួន​របស់គាត់ ប៉ុន្តែ​គាត់​ជា​មនុស្ស​ឆ្លាត” ។

លោក​ចូ បៃ​ឌិន ធ្លាប់បាន​លើកឡើង​បែបនេះ​ដែរ អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់លោក។ ការ​ថ្លែង​ចុងក្រោយ​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​ជំនួប​ពិភាក្សា​ផ្ទាល់​កម្រិត​ខ្ពស់​ជា​លើកដំបូង រវាង​ក្រុមមន្ត្រី​សហរដ្ឋអាមេរិក និង​ក្រុមមន្ត្រី​ចិន ក្រោម​រដ្ឋបាល​របស់លោក​នៅ​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក។

ជាការ​ឆ្លើយតប លោក Cui Tiankai ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​ប្រាប់​សារព័ត៌មាន CNN ថា គោលបំណង​របស់​ប្រទេស​ចិន គឺ​ដើម្បី “បំពេញ​សេចក្តីប្រាថ្នា​របស់​ប្រជាជន​ចិន ដែល​ចង់បាន​ជីវិត​ល្អប្រសើរ​ជាង​មុន។ គោលបំណង​របស់​យើង​គឺ​មិនមែន​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ណាមួយ ឬ​ជំនួស​តំណែង​ប្រទេស​ណាមួយ​ឡើយ។ នេះ​មិនមែនជា​យុទ្ធសាស្ត្រ​ជាតិ​របស់​យើង​នោះទេ” ។

លោក Cui Tiankai លើកឡើងថា “ការធ្វើឱ្យ​ពិភពលោក បែកបាក់​សាមគ្គី​មិនមែនជា​ដំណោះស្រាយ ដែល​អាចជួយ​កម្ចាត់​វីរុស​កូ​វីដ-១៩ ឬ​ជួយ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ ឬ​លុបបំបាត់​ភាពក្រីក្រ​បាន​នោះឡើយ” ។

ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ​បាន​បន្តថា “យើង​យល់ថា ការប៉ុនប៉ង​ណាមួយ ដើម្បី​ធ្វើ   ឱ្យ​ពិភពលោក បែកបាក់​សាមគ្គី​ទៅជា​ក្រុមផ្សេងៗគ្នា ឬ​សូម្បី​បង្កើត​ប្លុក​យោធា ដែល​ប្រឈមមុខ​ដាក់គ្នា មិនមែនជា​ដំណោះស្រាយ​ឡើយ” ។

លោក​ចូ បៃ​ឌិន ថ្លែងថា លោក​នឹង​សហការ​ជាមួយ បណ្ដា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សហ​រដ្ឋ​អាមេរិក ដើម្បី​ចាប់​ឱ្យ​មហា​យក្ស​ចិន ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​ធ្វើ​ដាក់​កោះ​តៃវ៉ាន់ ក្រុង​ហុងកុង បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​ការប្រព្រឹត្ត​របស់ខ្លួន​លើ​ជនជាតិដើម​ភាគតិច​វី​ហ្គួ​រ នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង (Xinjiang) ព្រមទាំង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង គោរព​ច្បាប់​អន្តរជាតិ ធ្វើ​ពាណិជ្ជកម្ម​ដោយ​ភាពត្រឹមត្រូវ។

លោក​លើកឡើងថា លោក​បាន​ប្រា​ប់លោក ស៊ី ជីន​ភីង ក្នុង​កិច្ចសន្ទនា​មួយ​មាន​រយៈពេល២ម៉ោង បន្ទាប់ពី​លោក​ចូលកាន់​តំណែង​ថា “ដរាបណា គាត់ និង​ប្រទេស​របស់គាត់ នៅតែ​បន្ត​រំលោភសិទ្ធិ​មនុស្ស ដោយ​ច្បាស់ក្រឡែត យើង​នឹង​បន្ត​អំពាវនាវ​ឥត​ឈប់​ឱ្យ​ពិភពលោក​ដឹង​ជួយ​ដឹងឮ ហើយ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​មាន​អ្វី​កំពុង​កើតឡើង។ ហើយ​គាត់​ក៏​យល់​ពី​បញ្ហា​នោះ” ។

លោក ចូ បៃ​ឌិន បាន​បន្តទៀតថា បើ​មិន​ធ្វើ​ដូច្នេះ​ទេ ដូចដែល​បានកើត​ឡើង​ក្រោម​រដ្ឋការ​របស់​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ វា​នឹង​ធ្វើឱ្យ​ពិភពលោក បាត់បង់​ការជឿជាក់​លើ​សហរដ្ឋអាមេរិក។

លោក​គូសបញ្ជាក់ថា “នៅពេលដែល​ប្រធានាធិបតី​មួយរូប គេច​ចេញពី​បញ្ហា​នោះ ដូចដែល​ប្រធាន​ធិបតី​ចុងក្រោយបង្អស់​បានធ្វើ គឺជា​ពេលដែល​យើង​ចាប់ផ្តើម​បាត់បង់​ភាពស្របច្បាប់ របស់​យើង​នៅ​ទូទាំង​ពិភពលោក” ។

ជាការ​ឆ្លើយតប លោក Cui Tiankai  ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​សហរដ្ឋអាមេរិក បាន​បដិសេធថា រដ្ឋាភិបាល​ចិន មិនបាន​បំបែកបំបាក់​គ្រួសារ ជនជាតិដើម​ភាគតិច​វី​ហ្គួ​រ នៅ​តំបន់​ស៊ីន​ជាំ​ង ដូច​ការចោទប្រកាន់​នោះឡើយ។ លោក​បាន​ប្រាប់​សារព័ត៌មាន CNN ថា “ខ្ញុំ​សូមបញ្ជាក់​ឱ្យបាន​ច្បាស់​ថា ប្រទេស​ចិន មិន​ធ្វើ​រឿង​ទាំងអស់​នេះឡើយ” ។

លោក ចូ បៃ​ឌិន ដែល​គ្រោង​បង្ហាញ​សំណើ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ទំហំ​ទឹកប្រាក់​រាប់​ទ្រី​លាន​ដុល្លារ នៅ​សប្តាហ៍​ក្រោយ​បាន​និយាយថា លោក​ធានាថា​នឹង​បង្កើន​ការវិនិយោគ​របស់​សហ​រដ្ឋ​អាមេរិក លើ​បច្ចេកវិទ្យាថ្មីៗដូចជា​បច្ចេកវិទ្យា Quantum Computing បញ្ញា​សិប្បនិម្មិត (AI) និង​បច្ចេកវិទ្យា​ជីវៈ​ជាដើម។

លោក​លើកឡើងថា លោក​មានបំណង​ជំរុញ ការវិនិយោគ​របស់​ស​ហ​រដ្ឋ​អាមេរិក លើ​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ពី០,៧% នាពេល​បច្ចុប្បន្ន​ឱ្យ​ឈាន​ជិត​ដល់ ២% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ដូច​នៅក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០ ។

លោក​ថ្លែងថា “អនាគត​គឺ​ស្ថិតនៅលើ​អ្នក ដែលមាន​សមត្ថភាព​អាច​ធ្វើជា​ម្ចាស់​ក្ដោប​ក្ដាប់​អនាគត ព្រោះ​វា​ទាក់ទង​ទៅនឹង​បច្ចេកវិទ្យា រួមមាន Quantum Computing ចំណុច​រួមផ្សំ​ជាច្រើន រួមទាំង​នៅក្នុង​វិស័យ​វេជ្ជសាស្ត្រ​ផងដែរ” ។

លោក​បញ្ជាក់ថា “យើង​នឹងធ្វើ​ការវិនិយោគពិត” ។ លោក​បានធ្វើការ​កត់សម្គាល់​ថា “ប្រទេស​ចិន វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ច្រើនជាង​សហរដ្ឋអាមេរិក​ដល់​ទៅ៣ ដង​ឯណោះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here