ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា ទោះបីកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ ពិសេសព្រឹត្តិការណ៍ឆ្លងចូលសហគមន៍ តែគម្រោងវិនិយោគទៅលើរោងចក្រថ្មីៗ ដែលជាផែនការវិនិយោគក្នុងរយៈពេលយូរ នៅតែបន្តដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅកម្ពុជា។
លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Real Estate បានឱ្យដឹងតាមទូរសព្ទកាលពីដើមសប្តាហ៍នេះថា នៅក្នុងដំណាក់កាលនេះ យើងបានមើលឃើញថា ការវិនិ យោគ ទៅលើរោងចក្រ ដូចជា ការទិញដីសម្រាប់សង់រោងចក្រ និងការសង់ឃ្លាំងសម្រាប់ជួលបម្រើក្នុងវិស័យឧស្សាហកម្មកាត់ដេរ នៅតែមានកំណើនជាក់ស្ដែង ក្រុមប្រឹក្សាអភិ វឌ្ឍន៍កម្ពុជា បានចេញប្រកាសជាហូរហែពីការវិនិយោគលើវិស័យរោងចក្រនេះ។
លោកបានឱ្យដឹងទៀតថា “នៅក្នុងពេលនេះ វិស័យ ដែលសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា គឺនៅតែជាវិស័យឧស្សាហកម្មកាត់ដេរ ដូច្នេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់និងសម្រួលដល់ការវិនិយោគសម្រាប់វិស័យនេះ និងវិស័យផ្សេងៗជាច្រើនទៀត” ។
ជាក់ស្តែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តគម្រោងវិនិយោ គចំនួន៨ ដែលមានតម្លៃសរុបជិត៧០លានដុល្លារ និងបង្កើតការងារបាន៥.២៤៩កន្លែងត្រូវ ក្នុងរយៈពេល៣សប្តាហ៍ដំបូងក្នុងខែមីនានេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ។
គម្រោងទាំង៨នេះ វិនិយោគលើរោងចក្រកាត់ដេរសម្លៀកបំពាក់ គ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី ថាមពល និងវារីវប្បកម្ម ជាដើម។
ជាមួយគ្នានេះដែរ លោកប៉ូ អ៊ាវគង់បានបន្ថែមថា សម្រាប់វិស័យអចលនទ្រព្យទាំងមូលវិញ លោកមើលឃើញថា វានៅតែមានបញ្ហាក្រោយពេល ដែលកម្ពុជាបានជួបនឹងបញ្ហាព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១ ដោយមានការឆ្លងជំងឺកូវីដ១៩កាន់តែច្រើន។ ទោះយ៉ាងណាលោកមានជំនឿថា រដ្ឋាភិបាលនឹងអាចបញ្ចប់ក្នុងពេលឆាប់ៗនេះ ដែលនឹងអាចធ្វើឱ្យវិស័យអចលនទ្រព្យ មានសន្ទុះឡើងវិញ នៅឆមាសទី២ ឆ្នាំ២០២១ ។
លោកបន្ថែមទៀតថា កាលពីចុងឆ្នាំ២០២០ អ្នកវិនិយោគ ក៏ដូចជាអ្នកជំនាញនៃវិស័យអចលនទ្រព្យ ហាក់មានការរំពឹងខ្ពស់ពីការងើបឡើងវិញ នៃវិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០២១ ដោយសារតែអំឡុងពេលនោះស្ថានភាពកូវីដ១៩ នៅកម្ពុជាមានភាពស្ងប់ស្ងាត់ សកម្មភាពសេដ្ឋកិច្ចចាប់ផ្ដើមកម្រើក ហើយវិនិយោគិនមួយចំនួនក៏ចាប់ផ្ដើមសម្លឹងទៅរកការចាប់ផ្ដើមអភិវឌ្ឍឡើងវិញ។
លោកបានបញ្ជាក់ថា “អ្វីដែលពលរដ្ឋត្រូវធ្វើនៅពេលនេះ គឺការស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា រដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ ការឆ្លងកាន់តែច្រើននៅក្នុងសហគមន៍ ដែលនាំឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀត” ៕