ក្រសួង​ជំរុញការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធប្រមូលស្ថិតិ​ផលិតកម្ម​បន្លែ ​ទូទាំងប្រទេស​

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី “នីតិវិធីប្រមូលស្ថិតិផលិតកម្មបន្លែ ដោយប្រើយន្តការមន្ត្រីកសិកម្មឃុំ” ក្រោមអធិបតីភាពលោកហ៊ាន វណ្ណហន រដ្ឋលេខាធិការ ​ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងអង្គភាព និងនាយក​ដ្ឋាន​ជំនាញពាក់ព័ន្ធ។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងកំណត់ វិធីសាស្ត្រ​ប្រមូល​ស្ថិតិផលិតកម្មបន្លែ ឱ្យមានស្តង់ដារតែមួយ ប្រសិទ្ធភាព និងសុក្រឹតភាព​ខ្ពស់ តាមរយៈការអនុវត្តផ្ទាល់របស់មន្ត្រីកសិកម្មឃុំទូទាំងប្រទេស ស្របតាម​អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ ក្រសួងនឹងធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រប្រមូលទិន្នន័យ​ដែល​មានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ និងការប្រើប្រាស់បច្ចេកវិទ្យា​ឌីជីថល រួមមាន កម្មវិធីទូរស័ព្ទដៃ (App)ការកត់ត្រាព័ត៌មានតាមទីតាំង​ភូមិសាស្ត្រ​ជាក់ស្តែង និងការប្រមូលទិន្នន័យផ្ទាល់ពីតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់​ផលិតកម្ម ដើម្បីធានាឱ្យទិន្នន័យផលិតកម្មបន្លែមានភាព ត្រឹមត្រូវ ទាន់ពេល​វេលា អាចតាមដាន និងអាចប្រើប្រាស់ បានប្រកបដោយប្រសិទ្ធភាព សម្រាប់​គាំទ្រ​ដល់​ការ​រៀបចំផែនការ ការសម្រេចចិត្ត និងការអភិវឌ្ឍវិស័យផលិតកម្ម​បន្លែ។

ជាលទ្ធផល អង្គប្រជុំបានឯកភាពធ្វើសំយោគ និងច្របាច់បញ្ចូលវិធីសាស្ត្រដែល​មានស្រាប់ ជាមួយយន្តការមន្ត្រីកសិកម្មឃុំ ដោយសម្រេចយក “FarmBook App” មកអភិវឌ្ឍបន្ថែម និងបញ្ចូលទម្រង់ (Form)សម្រាប់ប្រមូល និងតាម​ដានទិន្នន័យផលិតកម្មបន្លែឱ្យបានជាក់លាក់ និងងាយស្រួលប្រើប្រាស់។

ការកែ​លម្អនេះ នឹងជួយ កាត់បន្ថយពេលវេលា និងបន្ទុកការងារ បង្កើនសុក្រឹតភាព និង​ធានាការផ្តល់ព័ត៌មានបានទាន់ពេលវេលា ព្រមទាំងសម្រួលដល់ការបំពេញ​ភារកិច្ចស្នូល របស់មន្ត្រីកសិកម្មឃុំនៅមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here