ដោយៈ ចំណាន
សៀមរាបៈ ក្រុមមន្រ្តីរដ្ឋបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សា អំពីការត្រៀមបម្រុងនិងការគ្រប់គ្រងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពវិស័យកសិកម្ម ដែលអាចជួបប្រទះនឹងបញ្ហាគ្រោះរាំងស្ងួត ដោយសារឥទ្ធិពលអ៊ែល-នីញ៉ូ(El-Nino)នៅពេលខាងមុខ។
លោកអ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជេីញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យពិភាក្សាពីបញ្ហាខាងលើនេះ។
លោកអ៊ឹង គឹមលាង អភិបាលរងខេត្ត បានមានប្រសាសន៍ជំរុញឲ្យអាជ្ញាធរក្រុងស្រុកអំពាវនាវ ដល់ប្រជាពលរដ្ឋនិងសហគមន៍កសិករប្រើប្រាស់ទឹកឱ្យផ្អាកការបង្ហូរទឹកចោល និងបង្កើនការទប់ទឹកទុកក្នុងអាងឬប្រភពទឹកនានាឱ្យបានអតិបរិមា ជាពិសេសនៅពេលចុងរដូវវស្សា ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹកនៅពេលចុងរដូវវស្សា ដើម្បីត្រៀមទុកប្រើប្រាស់សម្រាប់រដូវប្រាំង និងការពារការខ្វះខាតទឹក ហើយការប្រមូលនិងរក្សាទុកទឹកនៅចុងរដូវវស្សាជួយធានាថា មានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ និងប្រើប្រាស់ប្រចាំថ្ងៃ ជួយកាត់បន្ថយបញ្ហាខ្វះខាតទឹកនៅពេលរដូវប្រាំងឈានមកដល់។
លោកអភិបាលរងខេត្តបានបន្តថា កង្វះខាតទឹកសម្រាប់ស្រោចស្រព គឺជាបញ្ហាប្រឈមធំបំផុត ចំពោះការដាំដុះ និងងាយប្រឈមនឹងការខូចខាតទិន្នផល ប្រសិនបើគ្មានការរៀបចំប្រព័ន្ធធារាសាស្ត្រ ទំនប់ ឬប្រឡាយទឹកឱ្យបានគ្រប់គ្រាន់ទេនោះ ។ ចំណែកការស្រកចុះនៃធនធានទឹក ដូចជា បឹងទន្លេសាប និងអាងស្តុកទឹកនានាស្រកចុះទាប ដែលរំខានដល់ជម្រកត្រីពងកូន និងជីវភាពសហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ៕








