ដោយៈ ចំណាន
ភ្នំពេញៈ លោកតូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) មកពីទីស្នាក់ការកណ្តាល និងទីស្នាក់ការប្រចាំកម្ពុជា។
ជំនួបពិភាក្សានេះ ត្រូវបានរៀបចំឡើងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួង និងទីភ្នាក់ងារJICA លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្តោតការពិភាក្សា លើសកម្មភាពសំខាន់ៗ នៃគម្រោងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ និងផែនការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ច ការកើនឡើងនៃចរាចរណ៍ និងការសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនទំនិញឱ្យកាន់តែមានប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។
លោករដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារ JICA ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន៕











