មន្រ្តី​ជាន់​ខ្ពស់​បារាំង​បង្ហាញ​សុទិដ្ឋិនិយម​នៃ​ទំនាក់​ទំនង​ទ្វេរភាគី​កម្ពុជា​ បារាំង​នឹង​លើក​កំពស់​ពាណិជ្ជកម្ម​ និង​វិនិយោគ

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ រដ្ឋមន្ត្រីប្រតិភូបារាំង​អមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសទទួលបន្ទុកពាណិជ្ជកម្មបរទេស និងការទាក់ទាញវិនិយោគ លោក Nicolas Forissier មាន​សុទិដ្ឋិនិយមថា កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា-បារាំង ​នឹង​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ ជា​ពិសេស​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម និងការវិនិយោគពី​សំណាក់​វិនិយោគិន​បារាំង​​ក្នុង​ប្រទេស​កម្ពុជា​។​

លោក Nicolas Forissier បានមក​បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងបារាំង-កម្ពុជាឱ្យ​កាន់តែប្រសើរថែម​ទៀត។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈ សម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីបារាំង លោក Emmanuel Macron មកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី នៅ​ខែវិច្ឆិកា ខាងមុខផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​សន្និសីទសារព័ត៌មាន ដែល​រៀបចំ​នៅ​ស្ថានទូតបារាំងប្រចាំកម្ពុជា កាល​ពី​ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោក Nicolas Forissier បាននិយាយ​ថា បារាំង​ពិត​ជា​ចង់​ឃើញ​វិនិយោគិន​ខ្លួន​ពង្រីក​ការ​វិនិយោគផ្ទាល់ ​នៅ​​ប្រទេស​កម្ពុជា​​ច្រើន​បន្ថែម​ទៀត ខណៈ​គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៤ ការ​វិនិយោគរបស់​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជាមាន​ទឹក​ប្រាក់ប្រមាណ៦៩២លានដុល្លារ​។​

លោក​​​អះអាង​ថា ​“រូបខ្ញុំ​ផ្ទាល់​​នឹង​ខិតខំ​ជួយ​ជំរុញ​វិនិយោគិន​បារាំង​ឱ្យ​​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា ​កាន់​តែ​ច្រើន​ថែម​​ទៀតតាម​រយៈ​សភាពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​បារាំងនៅ​កម្ពុជា”​។

រាជធានីភ្នំពេញ​នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(Francophonie Summit) លើកទី២០ ដែលគ្រោងចាប់​ផ្តើម​ពីថ្ងៃ​ទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ កិច្ច​ប្រជុំនេះ​នឹង​មាន​វត្តមាន​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសាបារាំង​ជា​ច្រើន​ទៀត​។​

លោក​ Nicolas Forissier បាន​ថ្លែង​​ថា ​តាម​រយៈ​កិច្ច​ប្រជុំ​ហ្វ្រង់កូហ្វូនី ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នា​ពេល​ខាង​មុខ​ យើង​រំពឹង​ថានឹង​អាច​ទាក់​ទាញ​វិនិយោគិន​បារាំង ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​បន្ថែម​ទៀត​។

​លោក Nicolas Forissier បានបន្តថា នៅកម្ពុជា​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​បារាំង​ជាង២០០ កំពុង​ធ្វើ​​ប្រតិបត្តិការ​ ដោយ​​រួម​មាន​ក្នុង​វិស័យ​ជា​ច្រើន​ដូចជា ថាមពល ដឹក​ជញ្ជូន គ្រប់​គ្រង​អាកាសយានដ្ឋាន ហិរញ្ញវត្ថុ សុខាភិបាល និង​សំណង់ជាដើម​។

បន្ថែម​​លើ​នេះលោក Nicolas Forissier ក៏​បាននិយាយ​​ថា លោក​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរណ៍​បារាំង នឹង​ធ្វើ​ការ​សិក្សា​ពី​លទ្ធភាព ​ក្នុង​ការ​បើក​ជើងហោះហើរ​ផ្ទាល់ ​មក​ប្រទេស​កម្ពុជា​នៅ​ពេលខាង​មុខ​ផងដែរ។​

យោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា(GDCE) ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៦ ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា-បារាំង មាន​ទឹក​ប្រាក់​សរុប៣២២,៨៣លាន​ដុល្លារ កើន​ឡើង ១២,៩% បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២៥ ក្នុង​នោះ​ទំនិញ​កម្ពុជានាំ​ទៅ​បារាំង២៥៩,១១ លាន​ដុល្លារ កើនឡើង១៣,៥%។ ចំណែក​​បារាំង​នាំមក​វិញ៦៣,៧២ លាន​ដុល្លារ កើន​ឡើង ១០,៥%។ បារាំង​ គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​១៦ របស់​កម្ពុជា។

ឆ្លើយតប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ​អំពី​បញ្ហា​ជម្លោះ​​ព្រំដែន​រវាង​កម្ពុជា ថៃ លោក Nicolas Forissier បាន​ប្រាប់​ថា បារាំង​អាច​ជួយ​ផ្តល់​ឯកសារ​សំខាន់ៗ​ ដែលមានការពាក់ព័ន្ធក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ប៉ុន្ដែបារាំងនឹង​មិនលូកលាន់ ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសទាំងពីរឡើយ។

លោកបញ្ជាក់ថា “បារាំង​ពិត​ជា​ចង់​ឃើញ​ប្រទេស​ទាំង២ មាន​សន្តិភាព​ជាមួយ​គ្នា​ឡើង​វិញ”​៕

LEAVE A REPLY

Please enter your comment!
Please enter your name here