ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ក្រុមហ៊ុនធំមួយ មានមូលដ្ឋានក្នុងប្រទេសអាល្លឺម៉ង់ FUCHS Gruppe បានបង្ហាញពីផែនការក្នុងការសាងសង់រោងចក្រកែច្នៃម្រេច ដែលមានម៉ាកម្រេចត្បូងឃ្មុំ (Trademarks) នៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០២៦ ខាងមុខ។
បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងប្រមូលទិញម្រេចពីកម្ពុជា យកទៅកែច្នៃនៅរោងចក្រក្នុងប្រទេសអាល្លឺម៉ង់។
ព័ត៌មានដ៏ល្អនេះ ត្រូវបាន លោក Andre Fich នាយកគ្រប់គ្រងក្រុមហ៊ុន DF World of Spices GMBH (ក្រុមហ៊ុនមេរបស់ FUCHS Gruppe) លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីសប្តាហ៍មុន។
ក្នុងជំនួបនោះ លោក តូច ប៊ុនហួរ បានលើកឡើងពីវឌ្ឍនភាពនៃការដាំដុះម្រេចនៅកម្ពុជា ដែលជាម្រេចមានគុណភាពខ្ពស់ ជាមួយនឹងការជំរុញការអនុវត្តកសិកម្មល្អ(GAP)។ ដើម្បីធ្វើឱ្យជំរុញផលិតកម្មម្រេចកាន់តែប្រសើរបន្ថែមទៀត សូមគណៈប្រតិភូក្រុមហ៊ុន FUCHS Gruppe ពិនិត្យលទ្ធភាពជួយគាំទ្រកសិករ និងសហគមន៍កសិកម្ម ក្នុងការវិភាគជំងឺ និងសត្វល្អិតចង្រៃ សំដៅកាត់បន្ថយថ្លៃដើមផលិត និងជំរុញទិន្នផលម្រេចកម្ពុជាឱ្យកាន់តែខ្ពស់។
លោកបានលើកឡើង ដោយជម្រុញឲ្យក្រុមហ៊ុនសហការជាមួយនាយកដ្ឋានជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃពីការប្រើប្រាស់ថ្នាំកម្ចាត់សត្វល្អិតឱ្យបានត្រឹមត្រូវ ស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល ជាពិសេសសហភាពអឺរ៉ុប។
បន្ថែមពីលើនេះទៀត លោក ប៊ុនហួរ ក៏ស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើនការវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយបត លោក Andre Fich បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ ក្រុមហ៊ុនមានគម្រោងសាងសង់រោងចក្រកែច្នៃម្រេចដែលមានម៉ាកម្រេចត្បូងឃ្មុំ (Trademarks) នៅក្នុងប្រទេសកម្ពុជាតែម្តង។
លោកបានឲ្យដឹងថា ក្រុមហ៊ុន DF World of Spices GMBH នឹងចូលរួមគាំទ្រ និងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់ផ្នែកពាក់ព័ន្ធទាំងការងារបច្ចេកទេស និងទំហំនៃវិនិយោគ សំដៅជួយគាំទ្រកសិផលម្រេច និងគ្រឿងទេសកម្ពុជា និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា(CPSF) លោក ម៉ាក់ នី បានមានប្រសាសន៍ថា បច្ចុប្បន្ននៅកម្ពុជាមានផ្ទៃដីដាំម្រេចក្នុងរង្វង់ប្រហែល៦០០០ ហិកតា ដោយផ្តល់ផលបានប្រមាណ ២០,០០០តោនក្នុង១ឆ្នាំៗ។
លោកបន្តថា បរិមាណផលម្រេចដែលប្រមូលបាន គឺមានច្រើនលើសពីតម្រូវការប្រើប្រាស់ក្នុងស្រុក ពោលគឺតម្រូវការក្នុងស្រុកមានប្រមាណពី ៥-៧% ប៉ុណ្ណោះ។លោកបន្តថា សម្រាប់គុណភាព និងរសជាតិម្រេចកម្ពុជា គឺត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ជាពិសេសផលិតផលម្រេចកំពត(ម្រេចGI)។ ម្រេចកម្ពុជាត្រូវបាននាំចេញទៅក្រៅប្រទេសរាប់ពាន់តោនក្នុង១ឆ្នាំៗ៕










