ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជាចំនួន៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ៥៧,៦ពាន់លានដុល្លារ គិតត្រឹមដំណាច់ឆ្នាំ២០២៣។
នេះបើយោងតាមរបាយការណ៍ ស្ថានភាពឥណទាននៅកម្ពុជាដែលក្រុមហ៊ុន Credit Bureau Cambodia (CBC) បានចេញនាចុងខែមីនា ឆ្នាំ២០២៤។
របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់CBCទាំងចំនួន១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។
CBC បានបញ្ជាក់ថា ក្រឡេកទៅមើលខេត្ត ដែលមានអត្រាអ្នកប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ចាប់ពី៣ស្ថាប័នទាបជាងគេវិញនោះ រួមមានខេត្តកោះកុង មានអ្នកប្រើប្រាស់កម្ចីសរុប៣,៩ម៉ឺននាក់ ដែលមានទំហំទឹកប្រាក់ជាង១,៣៧លានលានរៀល។ ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុ មានប្រមាណ៧៩ភាគរយ អ្នកខ្ចី២ស្ថាប័នមាន១៨ភាគរយ និងអ្នកខ្ចីប្រាក់ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ នៃទំហំឥណទានក្នុងខេត្តសរុប។
ខេត្តព្រះសីហនុ មានពលរដ្ឋ៨,៥ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង៥,៣លានលានរៀល។ ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុ មានប្រមាណ៨១ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៦ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើងមាន៣ភាគរយ។
ខេត្តកំពត មានពលរដ្ឋដល់២០,៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង៥,៣លានលានរៀល។ ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុ មានប្រមាណ៧៧ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីប្រាក់ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។
ចំណែកកែប ជាខេត្តតូចជាងគេនៅកម្ពុជា មានពលរដ្ឋ១,៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០ម៉ឺនលានរៀល។ ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៧៩ភាគរយ អ្នកខ្ចី២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។
ជាមួយគ្នានេះ ខេត្តស្វាយរៀង មានពលរដ្ឋដល់២១,៣ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចី ពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង៥,២លានលានរៀល។ ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមាន៨០ភាគរយ អ្នកខ្ចី២ស្ថាប័នមាន១៧ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។
ខេត្តស្ទឹងត្រែង មានពលរដ្ឋដល់៤,២ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង១លានលានរៀល។ ក៏ប៉ុន្តែអត្រាអ្នកខ្ចីលុយចាប់ពី៣ស្ថាប័នឡើង មានត្រឹម៣ភាគរយប៉ុណ្ណោះ ខណៈអ្នកខ្ចីលុយ២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីលុយតែ១ស្ថាប័នមាន៧៨ភាគរយ។
របាយការណ៍ខាងលើ បានបង្ហាញពីគម្លាតនៃការប្រើប្រាស់កម្ចីរបស់ពលរដ្ឋពីស្ថាប័នហិរញ្ញវត្ថុ ក្នុងខេត្តនីមួយៗគួរឱ្យកត់សម្គាល់ ជាពិសេស ចំពោះអ្នកប្រើប្រាស់កម្ចីលើសពី៣ស្ថាប័ន។
ការណ៍នេះ អ្នករកស៊ីក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គួរបង្កើនការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុ ដល់ពលរដ្ឋក្នុងមូលដ្ឋាននោះ ឱ្យបានទូលំទូលាយ ដើម្បីចៀសវាងពីបញ្ហាបំណុលនានាក្នុងប្រព័ន្ធធនាគារ។
លោក សុខ វឿន អតីតសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា(CMA) បានកត់សម្គាល់ឃើញពលរដ្ឋ ដែលខ្ចីប្រាក់ច្រើនស្ថាប័នតែងតែប្រឈមនឹងការធ្លាក់ក្នុង ស្ថានភាពបំណុលច្រើនលើសលុប ឬបំណុលវ័ណ្ឌ ក។
ផ្អែកតាមរបាយការណ៍របស់CBC ប្រជាពលរដ្ឋកម្ពុជាចំនួន ៤,៩៨លាននាក់ ដែលកំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ គឺមានប្រហែល៧៦ភាគរយ បានខ្ចីប្រាក់តែ១ស្ថាប័ន និងមាន២០ភាគរយ ខ្ចីប្រាក់២ស្ថាប័ន។
សម្រាប់អតិថិជនទូទាំងប្រទេស ដែលខ្ចីប្រាក់៣ស្ថាប័ន គឺមានត្រឹម១ភាគរយប៉ុណ្ណោះ។
CBCបានបង្ហាញថា ក្នុងនោះ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចីប្រាក់តែ១ស្ថាប័ន គឺខ្ពស់ជាងគេលើសពី៨០ភាគរយ ដែលនេះជាអត្រាមួយដ៏ល្អ៕