ប្រជាពលរដ្ឋកម្ពុជាជិត៥លាននាក់កំពុងប្រើប្រាស់ឥណទាន ពីស្ថាប័នហិរញ្ញវត្ថុនានា

ដោយៈ គង់ ម៉ាលីនណា

        ភ្នំពេញៈ ប្រជាពលរដ្ឋកម្ពុជាចំនួន៤,៩៨លាននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ ដែល​​​មាន​ទំហំ​ទឹកប្រាក់ប្រមាណ​៥៧,៦ពាន់​លាន​ដុល្លារ​​ គិតត្រឹមដំណាច់ឆ្នាំ២០២៣។

នេះបើយោងតាមរបាយការណ៍ ស្ថានភាព​ឥណទាននៅកម្ពុជា​ដែលក្រុមហ៊ុន​ Credit Bureau Cambodia (CBC) បានចេញនា​ចុងខែមីនា ឆ្នាំ២០២៤។​

របាយការណ៍របស់CBC បានកត់ត្រាទិន្នន័យឥណទានរបស់រូបវន្តបុគ្គល និងគ្រឹះស្ថាន ឬសហគ្រាស ដែលបានមកពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាសមាជិករបស់​CBCទាំ​ង​ចំនួន១៩៤ ស្ថាប័ន ក្នុងឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

CBC បានបញ្ជាក់ថា ក្រឡេកទៅមើលខេត្ត ដែលមានអត្រាអ្នកប្រើប្រាស់កម្ចី​ពីគ្រឹះស្ថានហិរញ្ញវត្ថុ ចាប់ពី៣ស្ថាប័នទាបជាងគេវិញនោះ រួមមានខេត្តកោះកុង មានអ្នកប្រើប្រាស់កម្ចីសរុប៣,៩ម៉ឺននាក់ ដែលមានទំហំទឹកប្រាក់ជាង១,៣៧លានលានរៀល។ ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុ មានប្រមាណ៧៩ភាគរយ អ្នកខ្ចី២ស្ថាប័នមាន១៨ភាគរយ និងអ្នកខ្ចីប្រាក់ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ នៃទំហំឥណទានក្នុងខេត្តសរុប។

ខេត្តព្រះសីហនុ  មានពលរដ្ឋ៨,៥ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង៥,៣លានលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុ មានប្រមាណ៨១ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៦ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើងមាន៣ភាគរយ។

ខេត្តកំពត មានពលរដ្ឋដល់២០,៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង៥,៣លានលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុ មានប្រមាណ៧៧ភាគរយ, អ្នកខ្ចី២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីប្រាក់ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។

ចំណែកកែប ជាខេត្តតូចជាងគេនៅកម្ពុជា មានពលរដ្ឋ១,៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ប្រមាណ៤០ម៉ឺនលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមានប្រមាណ៧៩ភាគរយ អ្នកខ្ចី២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។

ជាមួយគ្នានេះ ខេត្តស្វាយរៀង មានពលរដ្ឋដល់២១,៣ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចី ពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង៥,២លានលានរៀល។  ​ក្នុងនោះ អ្នកដែលខ្ចីប្រាក់តែ១ស្ថាប័នហិរញ្ញវត្ថុមាន៨០ភាគរយ អ្នកខ្ចី២ស្ថាប័នមាន១៧ភាគរយ និងអ្នកខ្ចីប្រាក់ ចាប់ពី៣ស្ថាប័នឡើង មាន៣ភាគរយ។

ខេត្តស្ទឹងត្រែង  មានពលរដ្ឋដល់៤,២ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីគ្រឹះស្ថានធនាគារ ដែលមានទំហំទឹកប្រាក់ជាង១លានលានរៀល។  ក៏ប៉ុន្តែអត្រាអ្នកខ្ចីលុយចាប់ពី៣ស្ថាប័នឡើង មានត្រឹម៣ភាគរយប៉ុណ្ណោះ ខណៈអ្នកខ្ចីលុយ២ស្ថាប័នមាន១៩ភាគរយ និងអ្នកខ្ចីលុយតែ១ស្ថាប័នមាន៧៨ភាគរយ។​

របាយការណ៍ខាងលើ បានបង្ហាញពីគម្លាតនៃការប្រើប្រាស់កម្ចីរបស់ពលរដ្ឋពីស្ថាប័នហិរញ្ញវត្ថុ ក្នុងខេត្តនីមួយៗគួរឱ្យកត់សម្គាល់ ជាពិសេស ចំពោះអ្នកប្រើប្រាស់កម្ចីលើសពី៣ស្ថាប័ន។

ការណ៍នេះ​ អ្នករកស៊ីក្នុងវិស័យធនាគារ ​និងហិរញ្ញវត្ថុ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គួរបង្កើនការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុ ដល់ពលរដ្ឋក្នុងមូលដ្ឋាននោះ ឱ្យបានទូលំទូលាយ ដើម្បីចៀសវាងពីបញ្ហាបំណុលនានាក្នុងប្រព័ន្ធធនាគារ។

លោក សុខ វឿន​ អតីតសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​(CMA) បានកត់សម្គាល់ឃើញពលរដ្ឋ ដែលខ្ចីប្រាក់ច្រើនស្ថាប័នតែងតែប្រ​ឈ​មនឹងការធ្លាក់ក្នុង ស្ថានភាពបំណុលច្រើនលើសលុប ឬបំណុលវ័ណ្ឌ ក។

ផ្អែកតាមរបាយការណ៍របស់CBC ប្រជាពលរដ្ឋកម្ពុជាចំនួន ៤,៩៨លាននាក់ ដែលកំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារ គឺមានប្រហែល៧៦ភាគរយ បានខ្ចីប្រាក់តែ១​ស្ថាប័ន​​ និងមាន២០ភាគរយ ខ្ចីប្រាក់២ស្ថាប័ន។

សម្រាប់អតិថិជន​ទូទាំ​ង​ប្រទេស ដែលខ្ចីប្រាក់៣ស្ថាប័ន គឺមានត្រឹម១ភាគរយប៉ុណ្ណោះ។
CBCបានបង្ហាញថា ក្នុងនោះ ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ មានអត្រាអ្នកខ្ចីប្រាក់តែ១ស្ថាប័ន គឺខ្ពស់ជាងគេលើសពី៨០ភាគរយ ដែលនេះជាអត្រាមួយដ៏ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here