ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកJustin Kevin Whyatt បានប្រកាសបន្តគាំទ្រមុតមាំ លើការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ និងបន្តជួយដល់ការអភិវឌ្ឍន៍នៅកម្ពុជា។
ជំហរនេះ ត្រូវបានប្រកាសដោយលោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីរសៀលថ្ងៃចន្ទ ទី៨ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបជម្រាបលានេះ លោក ចាស្ទីន ខេវិន វ៉ាយអេត បានថ្លែងអំណរគុណសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជួបសម្តែងការគួរសម និងជម្រាបលា។ ឯកអគ្គរដ្ឋទូតចប់អាណត្តិរូបនេះ បានវាយតម្លៃខ្ពស់អំពីទំនាក់ទំនងដ៏ល្អ រវាងអូស្រ្តាលី-កម្ពុជា ហើយក៏បានសម្តែងការអរគុណចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ក្រសួង ស្ថាប័នរបស់កម្ពុជា ក្នុងការរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។
លោកឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពលើកិច្ចសហប្រតិបត្តិការ ដែលសម្តេចធិបតី និងនាយករដ្ឋមន្ត្រីអូស្រ្តាលី បានពិភាក្សាថ្មីៗនេះ នៅប្រទេសអូស្រ្តាលី។ ទន្ទឹមគ្នានោះ លោកឯកអគ្គរដ្ឋទូត ក៏បានជម្រាបសម្តេចធិបតី អំពីការបន្តគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការបន្តផ្តល់អាហារូបករណ៍បន្ថែម ដល់និស្សិតកម្ពុជា និងការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសាកលវិទ្យាល័យអូស្ត្រាលី និងសាកលវិទ្យាល័យនានារបស់កម្ពុជា។
លោកចាស្ទីន ខេវិន វ៉ាយអេត ក៏បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ លើវិស័យអាទិភាពមួយចំនួនរួមមាន៖ កសិកម្ម ការវិនិយោគ ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពលបៃតង និងការពារជាតិ និងសន្តិសុខ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់លោក ចាស្ទីន ខេវិន វ៉ាយអេត ព្រមទាំងបានសម្តែងក្តីរីករាយចំពោះវឌ្ឍនភាព លើកិច្ចសហប្រតិបត្តិការដែលសម្តេច និងលោកនាយករដ្ឋមន្រ្តីអូស្រ្តាលី បានពិភាក្សាគ្នានាពេលកន្លងមក។
សម្តេចធិបតី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្រលើវិស័យអាទិភាព និងលើកិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសអូស្រ្តាលី។ ពាក់ព័ន្ធនឹងវិស័យវិនិយោគ និងពាណិជ្ជកម្ម សម្តេចធិបតី បានប្រកាសប្រឹងប្រែងជំរុញ ការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ហើយមានជំនឿជាក់ថា ការភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែប្រសើរឡើង ដើម្បីផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន។
ចំពោះវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលបៃតងវិញ សម្តេចធិបតី បានគូសបញ្ជាក់អំពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍថាមពលបៃតង ដោយលើកកម្ពស់ការចូលរួម របស់វិស័យឯកជនលើការអភិវឌ្ឍ និងការវិនិយោគលើវិស័យទាំងនេះ។
ក្នុងក្របខ័ណ្ឌវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បានបញ្ជាក់ពីការបន្តការផ្សារភ្ជាប់ ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ និងសន្តិសុខ កម្ពុជា-អូស្រ្តាលី តាមរយៈការជំរុញការបណ្តុះបណ្តាល និងការកសាងសមត្ថភាពជាដើម៕