ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារវិនិយោគឈានមុខគេ Jefferies Group របស់ពិភពលោក បានព្យាករថា ប្រទេសឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ ឆ្ពោះទៅដណ្តើមតំណែងជា មហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោកនៅឆ្នាំ២០២៧ ខណៈបច្ចុប្បន្ន ឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៥របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNN។
ប្រទេសដែលមានចំនួនប្រជាជនច្រើន ជាងគេបង្អស់នៅលើពិភពលោកមួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ នៅដំណា ច់ឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធិផលដ៏ធំ សម្រាប់លោកនាយករដ្ឋមន្ត្រី Narendra Modi ខណៈការបោះឆ្នោតសកលកាន់តែកៀកខិតជិតមកដល់។
ការិយាល័យស្ថិតិជាតិបានរាយការណ៍ថា ផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា បានកើនឡើង៨,៤ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដោយកើនឡើងពីកំណើន៧,៦ភាគរយ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលកំណើននេះ មានអត្រាខ្ពស់ជាងការព្យាករណ៍ និងស្ថិតក្នុងល្បឿនលឿនបំផុត បើធៀបនឹងបណ្តាប្រទេស សេដ្ឋកិច្ចធំៗនៅទូទាំងពិភពលោក។
យោងតាមរបាយការណ៍ ដាច់ដោយឡែកមួយផ្សេងទៀត ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា ចំនួនប្រជាជនឥណ្ឌា ដែលមានទ្រព្យសម្បត្តិសរុបយ៉ាង តិច៣០លានដុល្លារនឹងកើនឡើង៥០ភាគរយ ក្នុងរយៈពេល៥ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៨ខាងមុខ ដែលជាកំណើនដ៏ខ្ពស់បំផុតនៅទូទាំងពិភពលោក ។
ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា នឹងកើនឡើង៦,៥ភាគរយ ក្នុងឆ្នាំ២០២៤នេះ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌា បានព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនលើសពីការរំពឹងទុករបស់មូលនិធិ IMF ទៅទៀតក្នុងរង្វង់៧,៦ភាគរយ។
ធនាគារ Jefferies Group អះអាងថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពទាំងនេះ នឹងជំរុញឱ្យប្រទេសឥណ្ឌា ដណ្តើមចំណាត់ថ្នាក់ជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣ របស់ពិភពលោក ពីប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ៕







