ប្រទេសឥណ្ឌានឹងដណ្តើមតំណែងជាមហាអំណាចសេដ្ឋកិច្ច លំដាប់ទី៣របស់ពិភពលោក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារវិនិយោគឈានមុខគេ Jefferies Group របស់ពិភពលោក បានព្យាករថា ប្រទេសឥណ្ឌានឹងវ៉ាដាច់អាល្លឺម៉ង់ ឆ្ពោះទៅដណ្តើមតំណែងជា មហាអំណាចសេដ្ឋកិច្ចទី៣ របស់ពិភពលោកនៅឆ្នាំ២០២៧ ខណៈបច្ចុប្បន្ន ឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៥របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNN។

ប្រទេសដែលមានចំនួនប្រជាជនច្រើន ជាងគេបង្អស់នៅលើពិភពលោកមួយនេះ សម្រេចបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ នៅដំណា ច់ឆ្នាំ២០២៣ ហើយនេះគឺជាសមិទ្ធិផលដ៏ធំ សម្រាប់លោកនាយករដ្ឋមន្ត្រី Narendra Modi ខណៈការបោះឆ្នោតសកលកាន់តែកៀកខិតជិតមកដល់។ការិយាល័យស្ថិតិជាតិបានរាយការណ៍ថា ផលទុនជាតិសរុប (GDP) របស់ប្រទេសឥណ្ឌា បានកើនឡើង៨,៤ភាគរយ នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ដោយកើនឡើងពីកំណើន៧,៦ភាគរយ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដែលកំណើននេះ មានអត្រាខ្ពស់ជាងការព្យាករណ៍ និងស្ថិតក្នុងល្បឿន​លឿនបំផុត​ បើធៀបនឹងបណ្តាប្រទេស​ សេដ្ឋកិច្ច​ធំៗ​នៅទូទាំងពិភពលោក​​។

យោងតាមរបាយការណ៍ ដាច់ដោយឡែកមួយផ្សេងទៀត ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បានបង្ហាញថា ចំនួនប្រជាជនឥណ្ឌា ដែលមានទ្រព្យសម្បត្តិសរុបយ៉ាង តិច៣០លានដុល្លារនឹងកើនឡើង៥០ភាគរយ ក្នុងរយៈពេល៥ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២៤នេះ រហូតដល់ឆ្នាំ២០២៨ខាងមុខ ដែលជាកំណើនដ៏ខ្ពស់បំផុតនៅទូទាំងពិភពលោក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា នឹងកើនឡើង៦,៥ភាគរយ ក្នុងឆ្នាំ២០២៤នេះ ប៉ុន្តែរដ្ឋាភិបាលឥណ្ឌា បានព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនលើសពីការរំពឹងទុករបស់មូលនិធិ IMF ទៅទៀតក្នុងរង្វង់៧,៦ភាគរយ។

ធនាគារ Jefferies Group អះអាងថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពទាំងនេះ នឹងជំរុញឱ្យប្រទេសឥណ្ឌា ដណ្តើមចំណាត់ថ្នាក់ជាប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតលំដាប់ទី៣ របស់ពិភពលោក ពីប្រទេសអាល្លឺម៉ង់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here