ដោយៈម៉ាណេត
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សម្តេច និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ បន្ទាប់ពីមានទំនាក់ទំនងជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា២០២០ម្សិលលម៉ិញ ហើយបានរកឃើញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គម Facebook ផ្លូវការរបស់សម្តេចនាមុននេះបន្តិចថា បន្ទាប់ពីទទួលបានព័ត៌មានថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៣ វិច្ឆិកា ២០២០ម្សិលលម៉ិញមានវិជ្ជមានកូវីដ១៩ ដែលរកឃើញនៅប្រទេសថៃ បន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។
សម្តេចបន្តថា “ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជា បានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ ដើម្បីយកសំណាកទៅ ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ សម្តេចបន្តថា “ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់ មិនមានអ្នកណាឆ្លងជម្ងឺកូវីដ១៩នោះទេ” ។
សម្តេចបញ្ជាក់ថា “ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវឲ្យខ្ញុំ រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ សូម្បីតែភរិយា កូន និងចៅ ក៏មិនអាចជួបបានដែរ” ។
ទួលព្រះបង្គំសូមព្រះរាជទានទោស ពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គ យាងមកពីសាធារណរដ្ឋប្រជាមានិតចិន និងដង្ហែរព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។
សម្តេចបានបន្តថា សូមអភ័យទោសពីបងប្អូនជនរួមជាតិ នៅខេត្តពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្គ្រោះបានដែល ខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលគ្រោងធ្វើនៅថ្ងៃ១៦ វិច្ឆិកា ២០២០ ទៅពេលក្រោយវិញ។
សូមអាធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ពន្ធ័ទាំងអស់ដែល ខ្ញុំមិនអាចចូលរួមប្រជុំបាន ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥ វិច្ឆិកា ២០២០ខាងមុខនេះ។
ទោះត្រូវអាក់ខានចេញពីផ្ទះ ដែលជាការតម្រូវរបស់គ្រូពេទ្យ ក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេច និងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាល អភិបាលខេត្ត និងមេបញ្ជាការកងកម្លាំង ប្រដាប់អាវុធនៅតែអាចរាយការណ៏ឬ សុំយោបល់ខ្ញុំបានដដែល។
សម្តេចតេជោហ៊ុន សែនបានបញ្ជាក់ថា “ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូនគោល នៅក្នុងបរិវេណផ្ទះបានដដែល គ្រាន់តែមិនឲ្យមនុស្សដទៃ មកជិតប៉ុណ្ណោះ។ នេះជាវិធីដែលល្អបំផុត ដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ សម្តេចបន្តថា “ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ” ៕