ដោយៈម៉ាណេត
ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីនៅខេត្តសៀមរាប ដែលមានទុនវិនិយោគជាង ៣៥៥លានដុល្លារ។
យោងតាម CDC នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០បានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរលើគម្រោងសាងសង់ រោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ និងគម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ជូនដល់ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD។
ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្កាវ៉ាត់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិពាមក្នុង និងភូមិឈើទាលជ្រុំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានទុនវិនិយោគចំនួន ២៩៤.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន២២០កន្លែង។
ODM POWER LINE COMPANY LIMITED គម្រោងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត ដែលមានទីតាំងវិនិយោគស្ថិតនៅខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៦១.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៩កន្លែង។
លោករដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោកស៊ុយ សែម ធ្លាប់បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២០នេះ គ្រប់ភូមិទាំងអស់ទូទាំងប្រទេស នឹងមានខ្សែភ្លើងចេញពីបណ្តាញជាតិទៅដល់មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ស្របតាមគោលដៅអភិវឌ្ឍន៍អគ្គិសនីភាវូបនីយកម្មរបស់រាជរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍វិស័យអគ្គិសនី ក្រោយពីរបបខ្មែក្រហមមក កម្ពុជាបានដើរចេញពីចំណុចសូន្យ មកមានអគ្គិសនីផ្គត់ផ្គង់គ្រប់គ្រាន់ ក្នុងនោះគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាជម្រុញឲ្យអគ្គិសនី ឲ្យមានស្ថិរភាព គុណភាព សុវត្ថិភាព និងមានអគ្គិសនីគ្របដណ្តប់ទូទាំងប្រទេស ជាពិសេសមានតម្លៃទាប ដើម្បីផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍ របស់ប្រទេសជាតិទាំងមូល។
លោកបានបន្តថា“សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រែងជម្រុញនូវគ្រប់ឧបសគ្គ ដើម្បីឲ្យកម្ពុជាមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។ លោកបន្តថា “ដូច្នេះនៅក្នុងឆ្នាំ២០២០នេះ គ្រប់ភូមិទាំងអស់នឹងមានខ្សែភ្លើង ចេញពីបណ្តាញជាតិទៅដល់ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យថាមពល” ។
លោករដ្ឋមន្ត្រីស៊ុយ សែមបានបញ្ជាក់ទៀតថា ក្រៅគម្រោងផែនការ ដែលក្រសួងនឹងអនុវត្តន៍ឲ្យបាន ១០០ភាគរយនោះ នៅមានភូមិឧបសម្ព័ន្ធចំនួន២៣៧ផ្សេងទៀត ដែលមិនមែនជាភូមិរៀបរយ ដូចជា ភូមិដែលប្រជាពលរដ្ឋបង្កើតថ្មី ភូមិនៅដាច់ស្រយ៉ាលនៅតាមកោះ ឬការរស់នៅតាមដងទន្លេនានា ដែលគ្មានលទ្ធភាពក្នុងការអូសខ្សែបញ្ជូនទៅដល់ជាគោលការណ៍ រដ្ឋាភិបាលក៏មិនទុកចោលនោះឡើយ ជាក់ស្តែងក្រសួងកំពុងគិតគូរ ក្នុងការរៀបចំគម្រោងដាក់ប្រព័ន្ធពន្លឺព្រះអាទិត្យ ជម្រុញឲ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់៕