រដ្ឋាភិបាល​សម្រេច​អនុម័ត​គម្រោង​រោងចក្រ និង​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនីក្រោម​ទុន​ជាង ៣៥៥លាន​ដុល្លារ

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ទើបតែ​អនុម័ត​គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី​នៅ​ខេត្តសៀមរាប ដែលមាន​ទុនវិនិយោគ​ជាង ៣៥៥លាន​ដុល្លារ។

យោងតាម CDC នៅ​ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០បានឱ្យដឹងថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ​លើ​គម្រោង​សាងសង់ រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី ជូន​ដល់​ក្រុមហ៊ុន ODDORMEANCHEY POWER INDUSTRIAL CO., LTD។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ODDORMEANCHEY POWER INDUSTRIAL CO., LTD គម្រោង​សាងសង់​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម អានុភាព ២៦៥មេ​ហ្កា​វ៉ា​ត់ ដែលមាន​ទីតាំង​វិនិយោគ ស្ថិតនៅ​ភូមិ​ពាម​ក្នុង និង​ភូមិ​ឈើទាល​ជ្រុំ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ទុនវិនិយោគ​ចំនួន ២៩៤.៣លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ បាន​ចំនួន២២០កន្លែង។

ODM POWER LINE COMPANY LIMITED គម្រោង​សាងសង់​ខ្សែបណ្តាញ​បញ្ជូន​អគ្គិសនី តង់ស្យុង ២៣០គីឡូវ៉ុល ត​ភ្ជាប់​ពី​រោងចក្រ​អគ្គិសនី​ដុត​ធ្យូងថ្ម ខេត្ត​ឧ​ត្ត​រ​មានជ័យ មក​អនុ​ស្ថានីយ​សៀមរាប​ខាងកើត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប មាន​ទុនវិនិយោគ​ប្រមាណ ៦១.៤លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៩កន្លែង។

លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល លោក​ស៊ុយ សែម ធ្លាប់បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ២០២០នេះ គ្រប់​ភូមិ​ទាំងអស់​ទូទាំងប្រទេស នឹងមាន​ខ្សែភ្លើង​ចេញពី​បណ្តាញ​ជាតិ​ទៅដល់​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ស្របតាម​គោលដៅ​អភិវឌ្ឍន៍​អគ្គិសនី​ភាវូបនីយកម្ម​របស់​រា​ជ​រដ្ឋាភិបាល។

លោក​បាន​មានប្រសាសន៍ថា ការអភិវឌ្ឍន៍​វិស័យ​អគ្គិសនី ក្រោយពី​របប​ខ្មែ​ក្រហម​មក កម្ពុជា​បាន​ដើរ​ចេញពី​ចំណុចសូន្យ មក​មាន​អគ្គិសនី​ផ្គត់ផ្គង់​គ្រប់គ្រាន់ ក្នុងនោះ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា គឺ​ធ្វើយ៉ាងណា​ជម្រុញ​ឲ្យ​អគ្គិសនី ឲ្យ​មាន​ស្ថិរភាព គុណភាព សុវត្ថិភាព និង​មាន​អគ្គិសនី​គ្របដណ្តប់​ទូទាំងប្រទេស ជាពិសេស​មានតម្លៃ​ទាប ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ការអភិវឌ្ឍ របស់​ប្រទេសជាតិ​ទាំងមូល។

លោក​បាន​បន្តថា“សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រែង​ជម្រុញ​នូវ​គ្រប់​ឧបសគ្គ ដើម្បី​ឲ្យ​កម្ពុ​ជាមាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់។ លោក​បន្តថា “ដូច្នេះ​នៅក្នុង​ឆ្នាំ២០២០នេះ គ្រប់​ភូមិ​ទាំងអស់​នឹងមាន​ខ្សែភ្លើង ចេញពី​បណ្តាញ​ជាតិ​ទៅដល់ មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់ ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ថាមពល” ។

លោក​រដ្ឋមន្ត្រី​ស៊ុយ សែម​បាន​បញ្ជាក់ទៀតថា ក្រៅ​គម្រោង​ផែនការ ដែល​ក្រសួង​នឹង​អនុវត្តន៍​ឲ្យ​បាន ១០០ភាគរយ​នោះ នៅមាន​ភូមិ​ឧបសម្ព័ន្ធ​ចំនួន២៣៧ផ្សេងទៀត ដែល​មិនមែនជា​ភូមិ​រៀបរយ ដូចជា ភូមិ​ដែល​ប្រជាពលរដ្ឋ​បង្កើត​ថ្មី ភូមិ​នៅ​ដាច់​ស្រ​យ៉ា​ល​នៅតាម​កោះ ឬ​ការរស់នៅ​តាម​ដង​ទន្លេ​នានា ដែល​គ្មាន​លទ្ធភាព​ក្នុងការ​អូស​ខ្សែ​បញ្ជូន​ទៅដល់​ជាគោលការណ៍ រដ្ឋាភិបាល​ក៏​មិន​ទុកចោល​នោះឡើយ ជាក់ស្តែង​ក្រសួង​កំពុង​គិតគូរ ក្នុងការ​រៀបចំ​គម្រោង​ដាក់​ប្រព័ន្ធ​ពន្លឺព្រះអាទិត្យ ជម្រុញ​ឲ្យ​ពលរដ្ឋ​មាន​អគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here