ដោយៈ ម៉ាលីនណា
ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងកម្ពុជា-ប៊ុលហា្គរី គិតត្រឹមបំណាច់ឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់៨,១លានដុល្លារអាមេរិក កើនឡើងប្រមាណ៧៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១។
យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅប៊ុលហ្គារី រួមមាន សំលៀកបំពាក់ ស្បែកជើង ស្ករ និងថ្នាំជក់ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីប៊ុលហ្គារីមកវិញ រួមមាន៖ ជីកសិកម្ម ស្ពាន់ កែវ និងម៉្សៅ។ល។
លោកស្រី ម៉ារីនេឡា ផេតកូវ៉ា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប៊ុលហា្គរីប្រចាំនៅកម្ពុជា ដែលនឹងជិតចប់ពីអាណត្តិបេសកកម្មការទូតនៅកម្ពុជា កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣កន្លងទៅ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនភ្ញៀវ អំពីកិច្ចខិតខំប្រឹងប្រែង និងការបេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌពហុភាគី តំបន់ អនុតំបន់ និងទ្វេភាគី ស្របពេលនឹងការធ្វើកំណែទម្រង់ច្បាប់ បទប្បញ្ញត្តិ និងស្ថាប័ន ដើម្បីកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។
លោកបានគូសបញ្ជាក់ពីការងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការគ្រប់គ្រងបញ្ហាកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងការបើកប្រទេសឡើងវិញ ដែលធ្វើឱ្យមានកំណើនពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕