ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ អគ្គនាយកនៃក្រុមហ៊ុនត្រូពិកខេម និងជាតំណាងក្រុមហ៊ុនឯកជនកម្ពុជា លោកឧកញ៉ាហ៊ុន ឡាក់បានមានប្រសាសន៍ឲ្យដឹង តំណាងវិស័យឯកជនរបស់ប្រទេសបារាំង មានការចាប់អារម្មណ៍ លើផលិតផលកសិកម្មរបស់កម្ពុជា ដោយពួកគេគ្រោងនឹងមកទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ ដើម្បីរកឱកាសវិនិយោគ ដែលនឹងឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយវិស័យឯកជនកម្ពុជា។
លោកបានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីអមដំណើរលោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅទស្សនកិច្ចនៅប្រទេសបារាំងកាលពីពេលថ្មីៗនេះថា ក្រៅពីការចូលរួមទស្សនាពិព័រណ៍នោះហើយ ភាគីកម្ពុជា និងបារាំង ក៏មានការភ្ជាប់ទំនាក់ទំនងរវាងអ្នកដាំ អ្នកកែច្នៃ អ្នកផលិត អ្នកនាំចេញនិងអ្នកបញ្ជាទិញជាដើម ដើម្បីពិភាក្សាគ្នាស្វែងរកកាលានុវត្តភាពថ្មី ដែលអាចឱ្យវិស័យឯកជនប្រទេសទាំង ២ ធ្វើការដោះដូរពាណិជ្ជកម្មរវាងគ្នាបាន។
លោកបញ្ជាក់ថា “គោលដៅរបស់គណៈប្រតិភូ ដែលបានចូលរួមការតាំងពិព័រណ៍កសិកម្ម នៅប្រទេសបារាំងនោះ ក្រៅពីសិក្សាស្វែងយល់ពីទីផ្សាររបស់បារាំងហើយ ក៏ឆ្លៀតឱកាសស្វែងរកដៃគូវិនិយោគថ្មីៗផងដែរ ដើម្បីធ្វើយ៉ាងណាអាចនាំផលិតផលកម្ពុជា ដែលផលិតបាន ជាពិសេសផលិតផលដែលមានសក្តានុពល១១មុខ ដែលជាដំណាំកសិពាណិជ្ជកម្ម មានលក្ខណៈសមស្របក្នុងការនាំចេញ។
វិស័យឯកជនប្រទេសទាំង២ បានជជែកពិភាក្សាគ្នាថា តើផលិតផលដែលកម្ពុជាមាន អាចនាំចេញទៅទីផ្សារបារាំងបានឬទេ? ហើយវិស័យឯកជនរបស់បារាំង មានតម្រូវការអ្វីខ្លះ? ដើម្បីឱ្យមានលក្ខណៈសមស្របតាមស្តង់ដា ដែលគេចង់បាន។
ម្យ៉ាងវិញទៀត ខាងកម្ពុជា ក៏បានពិនិត្យលទ្ធភាពក្នុងការនាំចូលផលិតផលមួយចំនួនរបស់បារាំងមកដែរ ដូចជាផ្លែប៉ោម ទំពាំងបាយជូរជាដើម។
លោកឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូបានលើកឡើងថា កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដា ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ព្រមទាំងជំរុញឱកាស ប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
លោកបានណែនាំឱ្យមានការបង្កើតចេញនូវ QR Code ដែលអាចកំណត់នូវប្រភព និងខ្សែចង្វាក់តម្លៃសំដៅ ផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្មទាំងក្នុង និងក្រៅប្រទេស។
លោកឌិត ទីណា បញ្ជាក់ថា ដំណើរទស្សនកិច្ចនៅប្រទេសបារាំងនោះ ជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា ឈានទៅបើកផ្លូវសម្រាប់វិស័យឯកជនខ្មែរ អាចនាំកសិផលខ្មែរ ដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ៕