អ្នកធុរកិច្ចបារាំងគ្រោងមកទស្សនកិច្ចសិក្សាពីឱកាសវិនិយោគ ក្នុងវិស័យកសិកម្ម

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយក​នៃ​ក្រុមហ៊ុន​ត្រូ​ពិ​ក​ខេ​ម និង​ជា​តំណាង​ក្រុមហ៊ុន​ឯកជន​កម្ពុជា​ លោកឧកញ៉ាហ៊ុន ឡាក់បានមានប្រសាសន៍ឲ្យ​ដឹង តំណាង​វិស័យ​ឯកជន​របស់​ប្រទេស​បារាំង ​មានការ​ចាប់អារម្មណ៍​ លើ​ផលិតផល​កសិកម្ម​រប​ស់​កម្ពុជា ដោយ​ពួកគេ​គ្រោង​នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា ​នាពេលខាងមុខ ដើម្បី​រក​ឱកាស​វិនិយោគ ដែល​នឹង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង ​ជាមួយ​វិស័យ​ឯកជន​កម្ពុជា​។​

លោកបានមានប្រសាសន៍ឲ្យដឹង បន្ទាប់ពីអមដំណើរលោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅទស្សនកិច្ចនៅប្រទេសបារាំងកាលពីពេលថ្មីៗនេះថា ក្រៅពី​ការចូល​រួម​ទស្សនា​ពិព័រណ៍​នោះ​ហើយ ភាគី​កម្ពុជា និង​បារាំង ក៏មាន​ការភ្ជាប់​ទំនាក់​ទំនង​រវាង​អ្នក​ដាំ អ្នក​កែច្នៃ អ្នក​ផលិត អ្នក​នាំចេញ​និង​អ្នកបញ្ជា​ទិញ​ជាដើម ដើម្បី​ពិភាក្សាគ្នា​ស្វែងរក​កាលា​នុ​វត្ត​ភាព​ថ្មី ដែល​អាចឱ្យ​វិស័យ​ឯក​ជន​ប្រទេស​ទាំង​ ២ ​ធ្វើការ​ដោះដូរ​ពាណិជ្ជក​ម្ម​រវាង​គ្នា​បាន​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បញ្ជាក់ថា “​គោលដៅ​របស់​គណៈប្រតិភូ ដែល​បាន​ចូលរួម​ការតាំងពិព័រណ៍​កសិកម្ម នៅ​ប្រទេស​បារាំង​នោះ ក្រៅពី​សិក្សា​ស្វែងយល់​ពី​ទីផ្សារ​របស់​បារាំង​ហើយ ក៏​ឆ្លៀតឱកាស​ស្វែងរក​ដៃគូ​វិនិយោគ​ថ្មីៗ​ផងដែរ ដើម្បី​ធ្វើយ៉ាងណា​អាច​នាំ​ផលិតផល​កម្ពុជា ដែល​ផលិត​បាន ជា​ពិសេស​ផលិតផល​ដែលមាន​សក្តានុពល​១១​មុខ ដែលជា​ដំណាំ​ក​សិ​ពាណិជ្ជកម្ម ​មាន​លក្ខណៈ​សម​ស្រប​ក្នុង​ការនាំចេញ​​។

វិស័យ​ឯកជន​ប្រទេស​ទាំង​២ បាន​ជជែក​ពិភាក្សាគ្នា​ថា ​តើ​ផលិត​ផល​ដែល​កម្ពុ​ជាមាន អាច​នាំ​ចេញទៅ​ទីផ្សារ​បារាំង​បាន​ឬទេ​? ហើយ​វិស័យ​ឯកជន​របស់​បារាំង មាន​តម្រូវការ​អ្វីខ្លះ​? ដើម្បី​ឱ្យមាន​លក្ខណៈ​សម​ស្របតាម​ស្តង់ដា ដែល​គេ​ចង់បាន​។

ម្យ៉ាងវិញទៀត ខាង​កម្ពុជា ក៏បាន​ពិនិត្យ​លទ្ធភាព​ក្នុងការ​នាំចូល​ផលិតផល​មួយចំនួន​របស់​បារាំង​មក​ដែរ ដូចជា​ផ្លែ​ប៉ោម ទំពាំងបាយជូរ​ជាដើម​។

លោកឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​​ប្រមាញ់ និង​នេ​សាទ និង​គណៈ​ប្រតិភូបាន​លើកឡើងថា កម្ពុជា​ត្រូវ​ផលិត​កសិផល​​​ដែល​ធានា​គុណភាព និង​សុវត្ថិភាព​តាម​ស្តង់ដា ដើម្បី​ជួយផ្ដល់​តម្លៃបន្ថែម​ខ្ពស់​ព្រមទាំង​ជំរុញ​ឱកាស ​ប្រកួត​ប្រជែង​នៅលើ​ឆាក​អន្ដរជាតិ​។​

លោក​បាន​ណែនាំ​ឱ្យមាន​ការ​បង្កើត​ចេញ​នូវ QR Code ដែល​អាច​កំណត់​នូវ​ប្រភព ​និង​ខ្សែ​ចង្វាក់​តម្លៃ​សំដៅ​ ផ្តល់​ការ​ទុក​ចិត្ត​ដល់​អ្នកទិញ​ផលិតផល​ក​សិ​កម្ម​ទាំង​ក្នុង ​និង​ក្រៅប្រទេស​។​

​លោកឌិ​ត ទីណា បញ្ជាក់ថា ​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំ​ង​នោះ ​ជា​ឱកាស​មួយ​សម្រាប់​ប្រទេស​កម្ពុជា ឈានទៅ​បើកផ្លូវ​សម្រា​ប់​វិស័យ​ឯកជន​ខ្មែរ អាច​នាំ​ក​សិ​ផល​ខ្មែរ ​ដែលមាន​គុណភាព និង​តម្លៃបន្ថែម​ខ្ពស់ ទៅកាន់​ទីផ្សារ​បរទេស ព្រមទាំង​ជា​ឱកាស​សម្រាប់​វិនិយោគិន​បរទេស មក​ដាក់ទុន​វិនិយោគ​ក្នុងប្រទេស​កម្ពុជា​ផងដែរ៕​

 

LEAVE A REPLY

Please enter your comment!
Please enter your name here