ដោយ: គង់ លាងហួរ
វ៉ាស៊ីនតោន: យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា លោកប្រធានាធិបតីចូ បៃដិនគ្រោងស្នើដល់សភា ដើម្បីដាក់ពន្ធអប្បបរមា២៥ភាគរយ លើក្រុមមហាសេដ្ឋី ដែលជាផ្នែកមួយ នៃការដំឡើងពន្ធជាបន្តបន្ទាប់លើបុគ្គល និងសាជីវកម្មដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ។
សារពត៌មាន Bloomberg News បានរាយការណ៍ថា ផែនការចំណាយ ដែលបានស្នើឡើងដោយលោកចូ បៃដិនក៏នឹងបង្កើនពន្ធ លើប្រាក់ចំណេញមូលធនជិតទ្វេរដង សម្រាប់ការវិនិយោគពី២០ភាគរយទៅ៣៩,៦ភាគរយ ហើយនឹងបង្កើនការយកពន្ធលើប្រាក់ចំណូលសាជីវកម្ម និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភអាមេរិក។
លោក បៃដិន គ្រោងនឹងបង្ហាញផែនការថវិការបស់លោក នៅថ្ងៃព្រហស្បតិ៍ ចំពេលមានការជជែកគ្នាយ៉ាងខ្លាំង រវាងគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យលើពន្ធ ការចំណាយ និងការកាត់បន្ថយបំណុល។
ផែនការចំណាយនេះកើតឡើង ស្របពេលដែលគណបក្សសាធារណរដ្ឋ និងសេតវិមានត្រូវបានជាប់គាំង នៅក្នុងការប្រឈមមុខដាក់គ្នាលើការដំឡើងពិដានបំណុល ដែលជាចំនួនទឹកប្រាក់សរុបដែលរដ្ឋាភិបាលសហព័ន្ធត្រូវបានអនុញ្ញាតឱ្យខ្ចី ចំពេលមានបំណុលជាតិចំនួន៣១ពាន់ពាន់លានដុល្លារ។
គណបក្សសាធារណរដ្ឋ ដែលដឹកនាំដោយប្រធានសភាតំណាងរាស្រ្តអាមេរិក Kevin McCarthy បានអះអាងថា ពិដានបំណុលមិនគួរត្រូវបានដំឡើង ដោយគ្មានការកាត់បន្ថយការចំណាយសំខាន់ៗនោះទេ ហើយលោកក៏បានច្រានចោល ការអំពាវនាវឱ្យដំឡើងពន្ធខ្ពស់ជាងមុនផងដែរ។
លោកចូ បៃដិន បានអះអាងថា “ផែនការរបស់លោកនឹងកាត់បន្ថយឱនភាពជិត៣ពាន់ពាន់ លានដុល្លារក្នុងរយៈពេល១០ឆ្នាំ ដែលភាគច្រើនតាមរយៈការដំឡើងពន្ធ”៕