ដោយ: គង់ លាងហួរ
បាងកក: គណៈរដ្ឋមន្ត្រីថៃបានអនុម័ត ទឹកប្រាក់ចំនួន៧,៦ពាន់លានបាត(ប្រហែល២១៥លានដុល្លារ) ដើម្បីធានាតម្លៃកៅស៊ូសម្រាប់កសិករដែលបានចុះបញ្ជីចំនួន១,៦លាននាក់។
គណៈរដ្ឋមន្ត្រីបានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំណាត់ការនេះ គឺជាដំណាក់កាលទី៤ នៃកម្មវិធីដែលកំពុងដំណើរការ ហើយសន្យាថានឹងមានការបំបែកពី 40-60 លើប្រាក់ចំណូល រវាងអ្នកកាប់កៅស៊ូ និងម្ចាស់ចម្ការរៀងៗខ្លួន។
ការធានាតម្លៃសម្រាប់រដូវកាលឆ្នាំ២០២២ -២០២៣គ្របដណ្តប់លើកសិករដាំកៅស៊ូចំនួន១,៦លាននាក់ ជាមួយនឹងផ្ទៃដីដាំកៅស៊ូចំនួន១៨,២លានរ៉ៃ។
យោងតាមគណៈកម្មាធិការជាតិកៅស៊ូបានឲ្យដឹងថា ចំនួនសរុប ម្ចា ស់ចម្ការ និងកសិករជួលមានចំនួន១,៣៧លាននាក់ ដោយមានអ្នកកាប់កៅស៊ូចំនួន២៣១.៥១៤នាក់។ គម្រោងសម្រាប់កសិករផ្តល់សំណង ប្រសិ នបើតម្លៃទីផ្សារកៅស៊ូធ្លាក់ចុះក្រោមតម្លៃគោល។
កសិករត្រូវបានផ្តល់ជូនការធានាតម្លៃ អតិបរមា៦០បាតក្នុងមួយគីឡូក្រាមសម្រាប់បន្ទះកៅស៊ូឆៅ តម្លៃ៥៧បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រកៅស៊ូរាវ និង២៣បាតក្នុងមួយគីឡូក្រាមសម្រាប់ជ័រដុំ ដែលកំណត់ត្រឹម២៥រ៉ៃក្នុងមួយគ្រួសារ។ កម្មវិធីនេះត្រូវបានគ្រប់គ្រង ដោយធនាគាររដ្ឋសម្រាប់កសិកម្ម និងសហករណ៍កសិកម្ម។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានមានប្រសាសន៍នាពេលថ្មីៗនេះថា “ការដោះស្រាយការធ្លាក់ថ្លៃដំណាំ នៅតែជាអាទិភាពមួយ ខណៈដែលរដ្ឋាភិបាល កំពុងព្យាយាមរកដំណោះស្រាយដ៏ល្អបំផុត”៕