ការរៀបចំផែនការធ្វើជាម្ចាស់ផ្ទះកម្មវិធីទេសចរណ៍មេគង្គកំពុង សម្រេចវឌ្ឍនភាពប្រសើរ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍ សម្រេចបានផែនការប្រមាណ៨០% ដើម្បីឆ្ពោះទៅកាន់ការធ្វើជាម្ចាស់ផ្ទះ “វេទិកាទេសចរណ៍មេគង្គ”ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះដឹកនាំដោយលោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូរ ជាមួយលោកស្រី Dee Sovimol នាយកប្រតិបត្តិការិយាល័យ សម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និងតំណាងធនាគារអភិវឌ្ឃន៍អាស៊ី (ADB) ដើម្បីពិភាក្សាលើបច្ចុប្បន្នភាពការត្រៀមរៀបចំ ធ្វើជាម្ចាស់ផ្ទះវេទិការទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism Forum 2023) និងកិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ (51st GMS Tourism Working Group) ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Independent Hotel ខេត្តព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកិច្ចពិភាក្សា អង្គប្រជុំទទួលបានលទ្ធផលដូចជា ទី១ បានឯកភាពលើរបៀបវារៈចុងក្រោយ សម្រាប់កិច្ចប្រជុំក្រុមការងារទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ កិច្ចប្រជុំក្រុមការងារគម្រោងADB និងកិច្ចប្រជុំក្រុមប្រឹក្សាការិយាល័យទេសចរណ៍មេគង្គ (MTCO Board’s Meeting) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣។

បានពិនិត្យ និងផ្តល់យោបល់បន្ថែម លើសេចក្តីព្រាងកម្មវិធីវេទិការទេសចរណ៍មេគង្គ ឆ្នាំ២០២៣ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយបានបញ្ចូលវាគ្មិនជាតិ និងអន្តរជាតិសំខាន់ៗ ដើម្បីពិភាក្សាលើប្រធានបទទេសចរណ៍សំខាន់ ដោយផ្តោតលើបច្ចេកវិទ្យាថ្មីៗ ការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។

ទី២អង្គប្រជុំបានឯកភាពគ្នា លើយន្តការនៃការផ្សព្វផ្សាយវេទិកាទេស​​ចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានរៀបចំបង្កើតគេហទំព័រសម្រាប់ផ្សព្វផ្សាយ និងចុះឈ្មោះអ្នកចូលរួម តាមរយៈ https://mekongtourism.org/program-cambodia/ ការរៀបចំបដាផ្សព្វ​ផ្សាយដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ការរៀបចំប្លង់គោលទីតាំង និងការរចនាសម្ភារៈផ្សព្វផ្សាយសំខាន់នានា។

ទី៣ បានពិភាក្សាលម្អិត លើពិធីការនៃការរៀបចំកម្មវិធី ហូបចុក ពិព័រណ៌ទេសចរណ៍ ការត្រៀមទទួលស្វាគមន៍ និងដឹកជញ្ជូនប្រតិភូអន្តរជាតិ វាគ្មិ​ន អ្នកសម្របស្រួល អ្នកសារព័ត៌មានអន្តរជាតិ និងវិស័យឯកជន ដែលមកចូលរួមកម្មវិធីខាងលើ និងការរៀបចំសណ្ឋាគារផ្លូវការសម្រាប់ពិធី និងសណ្ឋាគារដៃគូរសម្រាប់ការស្នាក់នៅរបស់ប្រតិភូ។

ទី៤ បានពិភាក្សាលើការរៀបចំធនធានមនុស្ស ដើម្បីគាំទ្រដំណើរការរៀបចំកម្មវិធី ដោយបានពិនិត្យលើសេចក្តីព្រាង សេចក្តីសម្រេចបង្កើតអនុគណៈកម្មការពាក់ព័ន្ធ និងលេខាធិការដ្ឋាន សំដៅធានាប្រសិទ្ធភាព និងផលិតភាពនៃការរៀបចំកម្មវិធីឲ្យបានល្អប្រសើរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here