សេដ្ឋវិទូ​គាំទ្រ​សំណើ​រដ្ឋាភិបាល​ទៅកាន់​ធនាគារឯកជន និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុលើ​ការពន្យារពេល​បង់ប្រាក់

ដោយៈ​វ​ឌ្ឈ​នា

ភ្នំពេញៈ អនុវត្តតាម​ការណែនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ធនាគារជាតិ​នៃ​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​បន្ទាប់​មួយ ស្នើសុំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​កិច្ចសហការ​ល្អ ក្នុង​ក្របខណ្ឌ​កិច្ចការពារ​អតិថិជន និង​បន្ត​ផ្តល់​ការអនុគ្រោះ តាម​លទ្ធភាព​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​បាន​រង​ផលប៉ះពាល់​ជាក់ស្តែង​ដោយសារ​ទឹកជំនន់។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ និង​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ល្ងាច​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បាន​ប្រសាសន៍ថា ប្រសិនបើ​បណ្តា​ធនាគារឯកជន ក៏ដូចជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា អនុវត្តន៍​តាម​ការស្នើ​សុំ​របស់​រាជរដ្ឋាភិបាល​បាន​ទាំងអស់គ្នា វា​គឺជា​រឿង​មួយ​ដ៏​ល្អ ហើយក៏​ជា​សកម្មភាព ចូលរួម​ចែករំលែក​នូវ​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ផល​លំបាក​របស់​រដ្ឋាភិបាល​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត​បន្តថា “វា​ដូច​ជាមុន​មាន​ផលប៉ះពាល់ ទៅដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណាមួយ​នោះទេ ព្រោះ​ជាការ​ស្ម័គ្រចិត្ត​ចូលរួម​អនុវត្ត​តែប៉ុណ្ណោះ ហើយក៏​មិនមែនជា​ការកំណត់​រប​ស់រាជ​រដ្ឋាភិបាល​នោះដែរ” ។លោក​បន្ថែមថា “តែ​ជា​សំណើរ​សុំឱ្យ​មានការ​ចូលរួម​ក្នុង​គ្រា ដែល​កំពុង​ប្រឈម​នឹង​ផល​លំបាក​របស់​ប្រជាពលរដ្ឋ ស្ទើរ​ទូទាំងប្រទេសផ្ទួនៗ ព្រោះ​វិបត្តិ Covid-19 មិនទាន់​ផុតរលត់​ផង គ្រោះ​ជំនន់​បានមក​បន្ត​បន្ថែម​មួយតង់​ទៀត” ។

អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ​បាន​បញ្ជាក់ថា រាល់​ការចូលរួម​ពី​សំណាក់​ធនាគារឯកជន ក៏ដូចជា​គ្រឹះស្ថាន​ហិរញ្ញ ទាំងអស់ គឺ​ពួកគេ​សុទ្ធតែ​បាន​សិក្សា​លម្អិត ពី​គោលការណ៍​ផ្ទៃក្នុង​របស់​ពួកគេ​រួចរាល់ មុនពេល​សម្រេច​អនុវត្តន៍ នៅក្នុង​ដំណាក់កាល​ណាមួយ​ជាមិនខាន។

ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះ​បាន​បញ្ជាក់ថា ធនាគារជាតិ​នៃ​កម្ពុជា សូម​ថ្លែង​សរសើរ​ចំពោះ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ ដែល​បាន​ចូលរួម​សហការ​អនុវត្ត​ន៍​យ៉ាង​ល្អ ក្នុងការ​អនុវត្ត​វិធានការ​នានា របស់​រាជរដ្ឋាភិបាល និង​ធនាគារជាតិ​នៃ​កម្ពុជា ដែល​បាន​ដាក់ចេញ ដូចជា សារាចរ​ណែនាំ​ស្តីពី​ឥណទាន​រៀបចំ​ឡើងវិញ ការអនុគ្រោះ ប​ន្ទូ​រ-បន្ថយ​កម្រៃ​សេវាផ្សេងៗ ពាក់ព័ន្ធ​នឹង​ឥណទាន និង/ឬ​លើកលែង​ការផាកពិន័យផ្សេងៗ និង​ការ​រឹបអូស​ទ្រព្យ​បញ្ចាំ ដោយ​មិនមាន​ដីកា​ពី​តុលាការ​ជាដើម ក្នុងកំឡុងពេល នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ដើម្បី​សម្រាល​បន្ទុក​របស់​អ្នក​ខ្ចីប្រាក់។

ទន្ទឹមនេះ ក្នុងស្ថានភាព​ដែល​ខេត្ត-ក្រុង​មួយចំនួន នៃ​ប្រទេស​កម្ពុជា ទទួលរង​ផលប៉ះពាល់​ពី​គ្រោះទឹកជំនន់ ធនាគារជាតិ​នៃ​កម្ពុជា ក៏​ស្នើសុំ​ដល់​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ បន្ត​កិច្ចសហការ​ល្អ ក្នុង​ក្របខណ្ឌ​កិច្ចការពារ​អតិថិជន និង​បន្ត​ផ្តល់​ការអនុគ្រោះ តាម​លទ្ធភាព​ចំពោះ​អ្នក​ខ្ចីប្រាក់ ដែល​បាន​រង​ផលប៉ះពាល់​ជាក់ស្តែង ដោយសារ​ទឹកជំនន់។

ធនាគារជាតិ​នៃ​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ នឹង​បន្ត​ចូលរួម​សហការ ប្រកបដោយ​ការយោគយល់ និង​អធ្យាស្រ័យ​ខ្ពស់ ស្របតាម​ស្ថានភាព​ជាក់ស្តែង​របស់​អតិថិជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here