ដោយៈវឌ្ឈនា
ភ្នំពេញៈ អនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងបន្ទាប់មួយ ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តកិច្ចសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះ តាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកវិភាគ និងស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានប្រសាសន៍ថា ប្រសិនបើបណ្តាធនាគារឯកជន ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុនានា អនុវត្តន៍តាមការស្នើសុំរបស់រាជរដ្ឋាភិបាលបានទាំងអស់គ្នា វាគឺជារឿងមួយដ៏ល្អ ហើយក៏ជាសកម្មភាព ចូលរួមចែករំលែកនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាផលលំបាករបស់រដ្ឋាភិបាលផងដែរ។
លោកបណ្ឌិតបន្តថា “វាដូចជាមុនមានផលប៉ះពាល់ ទៅដល់គ្រឹះស្ថានហិរញ្ញវត្ថុណាមួយនោះទេ ព្រោះជាការស្ម័គ្រចិត្តចូលរួមអនុវត្តតែប៉ុណ្ណោះ ហើយក៏មិនមែនជាការកំណត់របស់រាជរដ្ឋាភិបាលនោះដែរ” ។លោកបន្ថែមថា “តែជាសំណើរសុំឱ្យមានការចូលរួមក្នុងគ្រា ដែលកំពុងប្រឈមនឹងផលលំបាករបស់ប្រជាពលរដ្ឋ ស្ទើរទូទាំងប្រទេសផ្ទួនៗ ព្រោះវិបត្តិ Covid-19 មិនទាន់ផុតរលត់ផង គ្រោះជំនន់បានមកបន្តបន្ថែមមួយតង់ទៀត” ។
អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា រាល់ការចូលរួមពីសំណាក់ធនាគារឯកជន ក៏ដូចជាគ្រឹះស្ថានហិរញ្ញ ទាំងអស់ គឺពួកគេសុទ្ធតែបានសិក្សាលម្អិត ពីគោលការណ៍ផ្ទៃក្នុងរបស់ពួកគេរួចរាល់ មុនពេលសម្រេចអនុវត្តន៍ នៅក្នុងដំណាក់កាលណាមួយជាមិនខាន។
ធនាគារជាតិនៃកម្ពុជានៅល្ងាចថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នេះបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា សូមថ្លែងសរសើរចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមសហការអនុវត្តន៍យ៉ាងល្អ ក្នុងការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញ ដូចជា សារាចរណែនាំស្តីពីឥណទានរៀបចំឡើងវិញ ការអនុគ្រោះ បន្ទូរ-បន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាកពិន័យផ្សេងៗ និងការរឹបអូសទ្រព្យបញ្ចាំ ដោយមិនមានដីកាពីតុលាការជាដើម ក្នុងកំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់។
ទន្ទឹមនេះ ក្នុងស្ថានភាពដែលខេត្ត-ក្រុងមួយចំនួន នៃប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ធនាគារជាតិនៃកម្ពុជា ក៏ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តកិច្ចសហការល្អ ក្នុងក្របខណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះ តាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់។
ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន៕