ដោយ: គង់ លាងហួរ
ហ្សាការតា: កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់កម្រិតខ្ពស់នៅក្នុងឆ្នាំ២០២២ ដែលជំរុញមកពីកំណើននៃតម្លៃទំនិញ និងការបន្ធូរវិធានការកូវីដ ទោះបីជាមានភាពមិនប្រាកដប្រជា ជាសកលយ៉ាងណាក្តី។
ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយវិបត្តិជំងឺកូវីដ ខណៈការនាំចេញ និងវិស័យទេសចរណ៍របស់ប្រទេសនេះ បានដាំក្បាលចុះយ៉ាងខ្លាំងនៅឆ្នាំ២០២០ ហើយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ២,០៧ភាគរយជាលើកដំបូង គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧។
ទោះបីជាយ៉ាងនេះក្តី សេដ្ឋកិច្ចដ៏ធំបំផុតរបស់តំបន់អាស៊ីមួយនេះបានស្ទុះងើបឡើងវិញ ចាប់តាំងពីពេលនោះមក ដោយបានប្រកាសពីកំណើនសេដ្ឋកិច្ចក្នុងរង្វង់៥,៣១% កាលពីឆ្នាំ២០២២ ដែលជាកម្រិតខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ២០១៣។
លោក Margo Yuwono ប្រធានទីភ្នាក់ងារស្ថិតិឥណ្ឌូនេស៊ីបានមានប្រសាសន៍ថា “តួលេខនេះបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ីបានកើនឡើងយ៉ាងរ៉ឹងមាំក្នុងឆ្នាំ២០២២”។
លោកបានបន្តថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានជំរុញដោយតម្លៃនាំចេញខ្ពស់ និងការលុបចោលការរឹតបន្តឹង លើការធ្វើដំណើរ ជាមួយនឹងការលុបចោល តម្រូវការដាក់ឱ្យនៅដាច់ពីគេ ក្នុងខែមីនា ឆ្នាំ២០២២បានជំរុញឱ្យអាជីវកម្ម និងការមកដល់របស់ភ្ញៀវទេសចរមានសន្ទុះកើនឡើងវិញ។
លោកអះអាងថា “ការបើកឡើងវិញនូវអាកាសយានដ្ឋាន អន្តរជាតិស្ទើរតែទាំងអស់ ក៏បានជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ច របស់ប្រជាជនផងដែរ”។
យោងតាមក្រុមសេដ្ឋវិទូបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងថយចុះបន្តិចនៅឆ្នាំ២០២៣នេះ”។
លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Capital Economics បានមានប្រសាសន៍ថា“ភាពទន់ខ្សោយបន្ថែមទៀតអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ អតិផរណាហក់ឡើងខ្ពស់ និងជំរុញកំណើនអត្រាការប្រាក់”៕