ដោយ: គង់ លាងហួរ
អាស៊ីៈ ក្រុមហ៊ុនផលិតនៅតំបន់អាស៊ី កំពុងមានភាពប្រសើរឡើង នៅដើមឆ្នាំនេះ ដោយសារតំបន់នេះកាន់តែមានសុទិដ្ឋិនិយម ចំពោះការបើកដំណើរការឡើងវិញរបស់ប្រទេសចិន។
យោងតាមទិន្នន័យពីសន្ទស្សន៍ អ្នកគ្រប់គ្រងការទិញផលិតកម្ម S&P Global បានបង្ហាញថា រោងចក្រនៅតំបន់អាស៊ីអាគ្នេយ៍ បានបង្កើនផលិតកម្ម និងការទិញក្នុងខែមករា ខណៈដែលការបញ្ជាទិញថ្មីបានងើបឡើងវិញ។
នេះហើយជាសញ្ញាដែលបង្ហាញថា តម្លៃកំពុងធ្លាក់ចុះ ហើយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់កំពុងធូរស្រាល ក៏បានបង្កើនទំនុកចិត្តអាជីវកម្មសម្រាប់ទិន្នផលរោងចក្រ ក្នុងរយៈពេល១២ខែខាងមុខផងដែរ។
រង្វាស់សន្ទស្សន៍ សម្រាប់តំបន់ចាយប្រាក់អឺរ៉ូ មានភាពប្រសើរឡើង សម្រាប់ខែទី៣ជាប់ៗគ្នា ដោយកើនឡើងដល់៤៨,៨ពី៤៧,៨ ក្នុងខែធ្នូ។
សន្ទស្សន៍សម្រាប់រោងចក្របារាំង បានកើនឡើងលើសពី៥០ជាលើកដំបូងចាប់តាំងពីខែសីហា ។
លោក Chris Williamson ប្រធានសេដ្ឋវិទូផ្នែកអាជីវកម្មប្រចាំនៅក្រុមហ៊ុន S&P Global Market Intelligence បានមានប្រសាសន៍ថា ទីផ្សារថាមពលនៅអឺរ៉ុបមានស្ថិរភាព ដោយសារតំបន់ខ្លះមានអាកាសធាតុល្មមនិងការឧបត្ថម្ភធនរបស់រដ្ឋ ហើយឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ បានធូរស្រាលយ៉ាងខ្លាំង ហើយសុទិដ្ឋិនិយមអាជីវកម្ម អំពីឆ្នាំខាងមុខក៏បានកើនឡើងខ្ពស់ផងដែរ។
លោកបន្ថែមថា “ទោះបីជាបណ្តាក្រុមហ៊ុនផលិត នៅតំបន់ចាយប្រាក់អឺរ៉ូ បានបន្តរាយការណ៍ពីការធ្លាក់ចុះទិន្នផល និងការធ្លាក់ចុះនៃការបញ្ជាទិញនៅក្នុងខែមករា សម្រាប់រយៈពេល៨ខែជាប់ៗគ្នាយ៉ាងណាក្តី ក៏រូបភាពនេះគឺមានភាពភ្លឺខ្លាំងជាងកម្រិតដ៏ទាប ដែលយើងបានមើលឃើញកាលពីខែតុលាឆ្នាំមុនផងដែរ”៕