ដោយ៖ សុធារី
ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់៨១៣.០០០លានរៀល ឬស្មើនឹងប្រមាណ២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ ការបោះលក់បណ្ណបំណុលនេះ គឺដើម្បីគៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំ។
ការសម្រេចបោះលក់មូលបត្ររដ្ឋនេះមិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមក្នុងការលើកស្ទួយវិស័យមូលបត្រកម្ពុជា ដោយយោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ រដ្ឋមានបន្ទុកចំណាយច្រើន។
គិតមកទល់បច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាគឺមានក្រុមហ៊ុនចំនួន១៦ បានចុះបញ្ជី។ ក្នុងនោះ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀតចុះបញ្ជីបោះលក់មូលបត្របំណុល ឬ សញ្ញាប័ណ្ណ ដែលបានកៀរគរទុនវិនិយោគពីទីផ្សារនេះបានប្រមាណ៣០០លានដុល្លារ។
រដ្ឋាភិបាលសម្រេចបោះលក់បណ្ណបំណុល ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា។ សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោងបណ្ណបំណុលក្នុងទំហំ៣០០លានដុល្លារ ជាមួយនឹង អត្រាការប្រាក់ខ្ពស់បំផុត២,២ភាគរយ។ ការបោះលក់នេះ គឺមិនបានគ្រប់តាមផែនការឡើយ។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋាភិបាលបោះផ្សាយលក់មូលបត្ររដ្ឋបានត្រឹម៤១,៨ពាន់លានរៀល ឬ១០,១៥លានដុល្លារប៉ុណ្ណោះ៕