ដោយ: លាងហួរ
មូស្គូ: លោក Vyacheslav Volodin ប្រធានសភាជាន់ទាបបានមានប្រសាសន៍ថា សភាជាន់ទាបរបស់រុស្ស៊ី កំពុងរៀបចំច្បាប់មួយ ដើម្បីដំឡើងយកពន្ធខ្ពស់ជាងមុនសម្រាប់អ្នក ដែលបានចាកចេញពីប្រទេស ចាប់តាំងពីសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈកន្លងទៅ។
លោក Volodin បានសរសេរ នៅលើកម្មវិធីផ្ញើសារតេលេក្រាមថា វាជាការត្រឹមត្រូវ ក្នុងការលុបចោលសិទិ្ធសម្រាប់អ្នក ដែលបានចាកចេញពីប្រទេសរុស្ស៊ី ហើយយើងនឹងដំឡើងការយកពន្ធលើពួកគេ។
លោកបន្តថា “យើងកំពុងធ្វើការលើការផ្លាស់ប្តូរសមស្រប ទៅនឹងច្បាប់”។
ទោះបីជាយ៉ាងណាក្តី តួលេខនៃចំនួនជនជាតិរុស្ស៊ី ដែលបានចាកចេញ តាំងពីសង្គ្រាមផ្ទុះឡើង មិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។
គិតត្រឹមដើមខែតុលា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយចំនួន បានរាយការណ៍ថា ជនជាតិរុស្ស៊ីរហូតដល់ទៅ៧០ម៉ឺននាក់ បានរត់ភៀសខ្លួន បន្ទាប់ពីរុស្ស៊ី ប្រកាសចល័តទ័ពចំនួន៣០ម៉ឺននាក់ ដើម្បីចូលប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែន ប៉ុន្តែរដ្ឋាភិបាលរុស្ស៊ីបានច្រានចោលតួលេខនេះ។
ពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួន ចំនួន១៣ភាគរយរបស់រុស្ស៊ី ត្រូវបានកាត់ដោយស្វ័យប្រវត្តិ ដោយក្រុមនិយោជកក្នុងស្រុក។
ចំណែកជនជាតិរុស្សីដែលធ្វើការនៅបរទេស និងជាអ្នកជាប់ពន្ធរបស់រុស្ស៊ីត្រូវតែបង់ពន្ធដោយឯករាជ្យ។ នេះបើយោងតាមសេវាពន្ធសហព័ន្ធនៃប្រទេសរុស្ស៊ី។
លោក Volodin បានបញ្ជាក់ថា វាអាចយល់បានទាំងស្រុង ពីមូលហេតុ ដែលពួកគេរត់ភៀសខ្លួនចេញ ហើយអ្នកដែលដឹងថាខ្លួនបានធ្វើខុសបានត្រឡប់មកវិញហើយ រីឯអ្នក ដែលនៅសល់គួរតែយល់។
លោកបន្ថែមថា សង្គមភាគច្រើនមិនគាំទ្រទង្វើរបស់ពួកគេ ហើយជឿថាពួកគេបានក្បត់ប្រទេស សាច់ញាតិ និងមិត្តភក្តិរបស់ពួកគេ៕